(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងអំណរគុណដល់ដៃគូអន្តរជាតិ ជាពិសេសអាមេរិក ដែលបានប្រឹងប្រែងជួយស្វែងរកវត្ថុបុរាណរបស់កម្ពុជា ដែលត្រូវបានគេលួចកន្លងទៅនោះ យកមកប្រគល់ជូនកម្ពុជាវិញ។

ការថ្លែងអំណរគុណរបស់ប្រមុខការទូតកម្ពុជា បានធ្វើឡើងក្នុងឱកាសថ្លែងសុន្ទរកថាបើកសន្និសីទអន្តរជាតិស្ដីពី «ការការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់៖ ទស្សនៈពីអាស៊ាន» តាមប្រព័ន្ធវីដេអូ ដែលបានរៀបចំឡើង នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២។

នាពេលថ្មីៗនេះ ប្រទេសកម្ពុជាបានបោះជំហានយ៉ាងខ្លាំង ក្នុងការធ្វើមាតុភូមិនិវត្តន៍នូវទ្រព្យសម្បត្តិជាតិ ដែលត្រូវបានគេលួច ត្រឡប់មកវិញ។ ក្នុងរយៈពេលមួយខែចុងក្រោយនេះ អាជ្ញាធរផ្នែកអនុវត្តច្បាប់នៅសហរដ្ឋអាមេរិក បានប្រគល់វត្ថុបុរាណចំនួន ៣០មកឱ្យកម្ពុជាវិញ ដែលត្រូវបានគេរត់ពន្ធចេញពីប្រទេសកម្ពុជា ក្នុងអំឡុងពេលនៃអស្ថេរភាពយ៉ាងខ្លាំងនៅក្នុងប្រទេស។ ក្នុងចំណោមចម្លាក់ទាំងនោះ មានពីររូប ដែលមានភាពអស្ចារ្យ និងមានភាពសារៈសំខាន់ជាប្រវត្តិសាស្ត្រ គឺរូបចម្លាក់ថ្មភក់នៅសតវត្សរ៍ទី១០ របស់ព្រះស្កន្ទគង់នៅលើក្ងោក ដែលត្រូវបានគេលួចពីប្រាសាទប្រាសាទក្រចាប់នៅកោះកេរ និងរូបចម្លាក់ព្រះគណេសក្បាលដំរី ទម្ងន់បីតោនពីប្រាសាទបាក់ នៅកោះកេរ។

លោក ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងសូមថ្លែងអំណរគុណចំពោះដៃគូអន្តរជាតិរបស់យើង ជាពិសេសសហរដ្ឋអាមេរិក ដែលបានជួយតាមដានវត្ថុបុរាណដែលត្រូវបានលួចទាំងនេះ បញ្ឈប់បណ្តាញរត់ពន្ធ និងប្រគល់ទ្រព្យសម្បត្តិជាតិមកកម្ពុជាវិញ។ យើងរំពឹងថាតាមរយៈការប្តេជ្ញាចិត្តចំពោះសម្បត្តិបេតិកភណ្ឌវប្បធម៌ និងសម្ពន្ធភាពអន្តរជាតិ ទ្រព្យសម្បត្តិជាតិជាច្រើនទៀតដែលត្រូវបានគេលួចប្លន់ និងដែលឥឡូវនេះនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតនឹងត្រូវប្រគល់មកកម្ពុជាវិញ។ ជាលទ្ធផល កិច្ចសហប្រតិបត្តិការនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក»

លោកជឿជាក់ថា ការប្រគល់វត្ថុបុរាណទាំងនេះ គឺជាការវិលត្រឡប់នៃព្រលឹងបុព្វបុរស មកកាន់ប្រជាជាតិកម្ពុជាវិញ។ លោកថា «ដោយសារប្រទេសកម្ពុជាផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច យើងព្យាករណ៍ថា ការវិលត្រឡប់មកវិញនៃកំណប់ទ្រព្យជាតិរបស់យើង នឹងក្លាយជាការបំផុសគំនិតសម្រាប់ ការបង្កើតថ្មីកន្លែងសារមន្ទីរថ្មីប្រកបដោយភាពច្នៃប្រឌិត សិល្បៈថ្មី ម៉ូដនិងតន្ត្រី ការងារនានាថ្មី ការប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ ជម្រើសកម្សាន្តថ្មីៗ និងពង្រីកទេសចរណ៍វប្បធម៌របស់យើង»

បើតាមលោកឧបនាយករដ្ឋមន្ត្រី ឥទ្ធិពលសាយភាយលើសេដ្ឋកិច្ចពីការវិលត្រឡប់មកវិញនូវសម្បត្តិជាតិទាំងនេះ នឹងមានឥទ្ធិពលសម្រាប់មនុស្សជំនាន់ក្រោយ។ យើងជឿជាក់ថា យើងនឹងឃើញការកើនឡើងយ៉ាងលឿនរហ័ស នូវសេចក្តីសាទរ និងមោទនភាពរបស់យុវជនយើង ចំពោះសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ពួកគេ និងក្នុងការបណ្តុះបណ្តាលយុវជន ឱ្យចូលរួមការការពារបេតិកភណ្ឌវប្បធម៌របស់ខ្លួន រាប់ចាប់ពីការអភិរក្ស ការប្រមូលចងក្រងសមុច្ច័យទុក ការគ្រប់គ្រងព្រឹត្តិការណ៍ រហូតដល់ការអនុវត្តច្បាប់។

សូមជម្រាបថា កម្ពុជា បាននិងកំពុងជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិស្ដីពី «ការការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់៖ ទស្សនៈពីអាស៊ាន» ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ដែលសន្និសីទនេះមានការចូលរួមពីលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងមន្ត្រីរដ្ឋាភិបាល និងអ្នកជំនាញជាន់ខ្ពស់មកពីបណ្តាប្រទេសនានា ដែលជាអ្នកដឹកនាំផ្នែកគោលនយោបាយ ការអនុវត្តច្បាប់ សារមន្ទីរ និងសង្គមស៉ីវិល ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការការពារ និងទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់។

សន្និសីទអន្តរជាតិនេះរៀបចំដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមសហការដោយ Antiquities Coalition នៅសហរដ្ឋអាមេរិក ដើម្បីពិភាក្សា លើការការពារ និងការទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ ដែលកំពុងរងការគម្រាមកំហែងដល់បេតិកភណ្ឌដ៏សម្បូរបែបក្នុងតំបន់អាស៉ីអាគ្នេយ៍, សហគមន៍ក្នុងតំបន់ និងសេដ្ឋកិច្ចជាតិ ដែលជាកត្តាចាំបាច់របស់ប្រជាជននៃតំបន់អាស៉ីអាគ្នេយ៍៕