(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២នេះ បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា បានបរិច្ចាគថវិកា៥ម៉ឺនដុល្លារ ជួយដល់ប្រទេសប៉ាគីស្ថាន ដែលរងគ្រោះដោយទឹកជំនន់។

សេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងថា «ដើម្បីជាការបង្ហាញស្មារតីសាមគ្គីភាពជាអន្តរជាតិចំពោះប្រទេសប៉ាគីស្ថានជាមិត្ត រាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រធានអាស៊ានឆ្នាំនេះ បានចូលរួមបរិច្ឆាគវិភាគទានជាទឹកប្រាក់ចំនួន ៥០,០០០ (ហាសិបពាន់) ដុល្លារអាមេរិក ជាជំនួយមនុស្សធម៌បន្ទាន់ ជូនរដ្ឋាភិបាលប៉ាគីស្ថាន ដើម្បីឆ្លើយតបនឹងគ្រោះទឹកជំនន់ដែលកំពុងបំផ្លិញបំផ្លាញនៅក្នុងប្រទេសនេះ»

កាលពីឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជាក៏ធ្លាប់បានផ្តល់ជំនួយមនុស្សធម៌ចំនួន ៥០,០០០ (ហាសិបពាន់) ដុល្លារអាមេរិក ដល់ប៉ាគីស្ថាន ដែលពេលនោះបានជួបប្រទះស្ថានភាពទឹកជំនន់ធ្ងន់ធ្ងរដូចគ្នានេះដែរ។ នេះបើតាម ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

មកទល់ពេលនេះ ផ្ទៃដីប្រទេសប៉ាគីស្ថានប្រមាណជាង ៣០ភាគរយ កំពុងស្ថិតនៅក្រោមលិចលង់ ខណៈទឹកហាក់មិនទាន់ចាប់ផ្តើមស្រកចុះទៅវិញនៅឡើយ។ រីឯចំនួនអ្នកដែលបានបាត់បង់ជីវិត ក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់នេះវិញ នៅតែបន្តកើនឡើងជាលំដាប់។

តាមរបាយការណ៍របស់ អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយប៉ាគីស្ថាន នៅចុងសប្តាហ៍នេះ បានឱ្យដឹងថា ១ភាគ៣នៃផ្ទៃប្រទេស ស្ថិតក្រោមការជន់លិច ក្នុងនោះដីកសិកម្មគឺជិត ១លានហិកតា ស្របពេលមនុស្សកើនដល់យ៉ាងហោច ១,២៦៥នាក់ បានបាត់បង់ជីវិត ដែលរួមមានទាំងកុមារ ៤១៦នាក់ផងដែរ។

បើតាមទីភ្នាក់ងារយូនីសេហ្វ (UNICEF) របស់អង្គការសហប្រជាជាតិ កុមារនៅប៉ាគីស្ថាន កំពុងតែប្រឈមហានិភ័យជាពិសេស ក្នុងការស្លាប់ដោយសារជំងឺដូចជា អាសន្នរោគ គ្រុនឈាម គ្រុនចាញ់ និងរាគរូស ជាដើម៕