(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ច កម្ពុជា បានស្រាវជ្រាវតាមបណ្តឹងសុំអន្តរាគមន៍ចំនួន២ករណីបន្ថែមទៀត នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ហើយបានរកឃើញជនបរទេស២នាក់ទៀត នៅខេត្តព្រះសីហនុ ប៉ុន្តែករណីនេះ ពុំមែនជាករណីបង្ខាំង និងធ្វើទារុណកម្មឡើយ។ នេះបើតាម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។
ករណីទី១ សមត្ថកិច្ចបានប្រតិបត្តិការ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១២៖០៥នាទី ថ្ងៃត្រង់ ដោយកម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ បានចុះទៅទីតាំងក្រុមហ៊ុន ជីងស៊ួយ (តំបន់ឆាយណាថោន) ស្ថិតនៅ ក្រុមទី៨ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការសហការពីម្ចាស់ទីតាំងខាងលើ កម្លាំងនគរបាលយើងបានជួយសង្រ្គោះជនរងគ្រោះ១នាក់ ភេទប្រុស សញ្ជាតិឥណ្ឌា។ ជនរងគ្រោះនេះមានឈ្មោះ SALIM MAHIN អាយុ ២៦ឆ្នាំ មានមុខរបរបុគ្គលិក និងស្នាក់នៅក្រុមហ៊ុនខាងលើ។ ជាលទ្ធផលពុំមានការបង្ខាំង និងធ្វើទារុណកម្មឡើយ។
ចំណែកករណីមួយទៀត នៅថ្ងៃទី ០៤ ខែកញា ឆ្នាំ២០២២ វេលាម៉ោង ១៥ និង ៣០នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះមកដល់ទីតាំងក្រុមហ៊ុនមួយកន្លែង ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ និងដោយមានការសហការពីម្ចាស់ទីតាំង កម្លាំងសមត្ថកិច្ចយើងបានស្រាវជ្រាវស្វែងរកឃើញជនរងគ្រោះ ចំនួន១នាក់ ឈ្មោះ HO MING FUNG ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិម៉ាឡេស៊ី គ្មានលិខិតឆ្លងដែន។ បន្ទាប់មកកម្លាំងសមត្ថកិច្ចបាននាំប្រធានក្រុម ជាបុរសជនជាតិចិន១នាក់ មកធ្វើការសាកសួរ តាមនីតិវិធីជំនាញ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំបន្តតាមនីតិវិធី។ លទ្ធផលសួរនាំបឋមបង្ហាញថា មិនមានការចាប់បង្ខាំង ធ្វើទារុណកម្មអ្វីទេ ហើយនាងក៏មិនបានប្តឹងរាយការណ៍ទៅសមត្ថកិច្ចដែរ៕