(កំពង់ធំ)៖ អាជ្ញាធរខេត្តកំពង់ធំ បានចុះពិនិត្យស្ថានភាពជំនន់ទឹកស្ទឹងសែន និងជំនន់ទឹកភ្លៀងក្នុងក្រុងស្ទឹងសែន ដើម្បីរៀបចំរំដោះទឹកនៅផ្នែកមួយចំនួនមានការកកស្ទះ ក្នុងអំឡុងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុងស្ទឹងសែននៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២។ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដឹកនាំសហការី ចុះពិនិត្យស្ថានភាពទឹកស្ទឹងសែន និងជំនន់ទឹកភ្លៀងក្នុងក្រុងស្ទឹងសែន។
ក្នុងឱកាសនោះលោក លើកឡើងថា ស្ថានភាពទឹកនៅពេលបច្ចុប្បន្នសម្រាប់ទឹកស្ទឹងសែនមានកម្ពស់លើសប្រកាសឲ្យប្រុងប្រយ័ត្ន ប៉ុន្តែមិនទាន់ឈានទៅរកការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព នោះទេ ដោយស្ថានភាពទឹកថ្ងៃទី៥ ខែកញ្ញា នៅស្ថានីយ៍កំពង់ធំ មានកម្ពស់ ១៣,៥៤ម៉ែត្រ ស្រកចុះ០,០៣ម៉ែត្រ លើសកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ០,០៤ម៉ែត្រ, នៅស្ថានីយ៍ស្រុកសណ្តាន់កម្ពស់ទឹក១៨,៥០ម៉ែត្រ ត្រឹមកម្រឹតប្រកាសឲ្យប្រុងប្រយ័ត្ន។
លោកបន្តថា ស្ថានភាពទឹកបែបនេះ គឺជាស្ថានភាពដែលតម្រូវឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយមាត់ទឹកស្ទឹងសែន ប្រុងប្រយ័ត្ន រស់នៅប្រកបដោយអនាម័យ និងការពារក្មេងពីការលង់ទឹកជាយថាហេតុ។ ស្ថានភាពស្រុក ក្រុង ដែលកំពុងប្រឈម គឺមានស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ ស្រុកស្ទោង និងក្រុងស្ទឹងសែន។ ទន្ទឹមនោះដែរអាជ្ញាធរខេត្ត រួមជាមួយអ្នកពាក់ព័ន្ធបានត្រៀមទីទួលសុវត្ថិភាពចំនួន៥កន្លែង គឺស្រុកសណ្តាន់មួយកន្លែង, ស្រុកប្រាសាទសំបូរ៣កន្លែង និងស្រុកស្ទោង ១កន្លែង, ក្រៅពីនេះស្រុកផ្សេងទៀត មានទីវត្តអារាម និងទីទួលសាធារណៈផងដែរ។
លោកបន្ថែមទៀតថា រហូតមកដល់ពេលនេះ ជំនន់ទឹកស្ទឹងសែន ធ្វើឲ្យផ្លូវចំនួនពីរខ្សែត្រូវលិច និងជំនន់ទឹកភ្លៀង បានធ្វើឲ្យផ្លូវមួយចំនួនក្រុងស្ទឹងសែនលិចរយៈពេលខ្លីពិបាកធ្វើដំណើរ ស្របពេលដែលប្រព័ន្ធលូកំពុងសាងសង់ ហើយចំពោះផលខូចខាតដំណាំកសិកម្មជាពិសេសដំណាំស្រូវ ក្នុងឆ្នាំនេះដោយប្រជាពលរដ្ឋ បង្ករបង្កើនផលយឺតជាងឆ្នាំមុនទើបច្រូតកាត់មិនទាន់។
ក្នុងនោះដែរក្នុងនាមអាជ្ញាធរដែលមានមន្រ្តីជំនាញ ជាសេនាធិការបានកំណត់ផលខូចខាតទាំងស្រុងប្រមាណជាង៦,៥០០ហិកតា ដែលមានគ្រួសារ ប្រជាពលរដ្ឋសរុប ប្រមាណជាង៥០០គ្រួសារ ក្នុងករណីដែលរាជរដ្ឋាភិបាលមានគោលការណ៍ផ្តល់គ្រប់ពូជ ដើម្បីដាំដុះស្តារឡើង វិញក្រោមទឹកស្រក។ គណៈកម្មការគ្រប់គ្រោះមហន្តរាយថ្នាក់ខេត្ត នឹងបញ្ជូនឈ្មោះ ប្រជាពលរដ្ឋ ដើម្បីទទួលបានគ្រប់ពូជ ទៅការកំណត់របស់រាជរដ្ឋាភិបាល៕