(សៀមរាប)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់ទុកថា ការលួចនាំចេញសម្បត្តិវប្បធម៌ពីប្រទេសកម្ពុជា គឺជាការលុបបំបាត់នូវការយល់ដឹងពីប្រវត្តិសាស្ត្រ និងអត្តសញ្ញាណរបស់ប្រជាជន។

លោកស្រីថ្លែងបែបនេះ ក្នុងសន្និសីទអន្តរជាតិស្ដីពី «ការការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់៖ ទស្សនៈពីអាស៊ាន» ត្រូវបានបើកជាផ្លូវការនៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោយការថ្លែងសុន្ទរកថាស្វាគមន៍ និងបើកសន្និសីទតាមប្រព័ន្ធអនឡាញ ពីឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

លោកស្រីរដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា «កន្លងមក សម្បត្តិវប្បធម៌ជាច្រើនរបស់កម្ពុជាត្រូវបានលួចនាំចេញដោយខុសច្បាប់ពីប្រទេសកម្ពុជា និងបានចរាចរដាក់លក់នៅលើទីផ្សារសិល្បៈអន្តរជាតិ។ ការលួចបំផ្លិចបំផ្លាញនេះហើយ ដែលនាំឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទីតាំងសម្បត្តិបេតិកភណ្ឌវប្បធម៌របស់កម្ពុជា និងលុបបំបាត់នូវការយល់ដឹងពីប្រវត្តិសាស្ត្រ និងអត្តសញ្ញាណរបស់ប្រជាជន»

លោកស្រីបន្តថា សម្បត្តិវប្បធម៌ជាតិទាំងនោះ គួរតែស្ថិតនៅទីតាំងដើមរបស់វា ដែលជាដួងព្រលឹង និងជាកិត្យានុភាពជាតិ ទើបអាចបង្ហាញពីការបង្កើតការងារចម្រុះដែលជាចរន្តសេដ្ឋកិច្ចសម្រាប់ប្រជាជន។ ដូចនេះការយល់ដឹងអំពីកិច្ចការពារ វប្បធម៌ និងការអភិរក្ស គឺជាកត្តាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងជាភារកិច្ចចម្បងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ បានថ្លែងដែរថា បទពិសោធន៍កន្លងមករបស់កម្ពុជា ពាក់ព័ន្ធនឹងការទាមទាមកវិញនូវសម្បត្តិវប្បធម៌ជាតិ បានបង្ហាញឲ្យឃើញពីភាពជោគជ័យតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការបញ្ជូនមកវិញនូវសម្បត្តិវប្បធម៌ជាតិ ដែលត្រូវបានគេលួចនាំចេញដោយខុសច្បាប់។ ឧទាហរណ៍ ដូចជាអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការដាក់កម្រិត នៃការនាំចូលប្រភេទនៃវត្ថុបុរាណពីកម្ពុជា។

លោកស្រីបញ្ជាក់ថា «តាមរយៈយន្តការនេះ យើងអាចកាត់បន្ថយចំនួននៃសហគ្រាសឧក្រិដ្ឋកម្មអន្តរជាតិ ដែលតែងធ្លាប់រត់ពន្ធសម្បត្តិវប្បធម៌កម្ពុជាចេញពីប្រទេសយើង ហើយបានគ្រប់គ្រងដោយជោគជ័យក្នុងការប្រគល់សម្បត្តិវប្បធម៌ទាំងនោះជូនម្ចាស់ដើមវិញ»

កម្ពុជា និងអាស៊ាន បានទទួលស្គាល់ជាសកលនូវតម្រូវការចាំបាច់បន្ទាន់ក្នុងការការពារសម្បត្តិបេតិកភណ្ឌរួមរបស់អាស៉ីអាគ្នេយ៍ ដោយការប្រយុទ្ធប្រឆាំងនឹងការជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ និងបង្កើតទីផ្សារសិល្បៈប្រកបដោយការទទួលខុសត្រូវ។ ប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ កម្ពុជា និងបណ្ដារដ្ឋជាសមាជិកអាស៊ាន បានបោះជំហ៊ានយ៉ាងសកម្មក្នុងកិច្ចការប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់គេ ក្នុងការចូលរួមទប់ស្កាត់ការលួចបំផ្លិចផ្លាញ និងអំពើចោរកម្មនានា ដោយមិនចេះហត់នឿយ ដើម្បីពង្រឹងការទទួលខុសត្រូវ នៃការផ្លាស់ប្ដូរវប្បធម៌ជាមួយរដ្ឋាភិបាលបរទេស សារមន្ទីរ និងវិស័យឯកជន។

ប៉ុន្តែទោះយ៉ាងណាក្ដី ទីផ្សារសិល្បៈពិភពលោកនៅតែបន្តដាក់លក់ពាសវាលពាសកាលនូវសម្បត្តិវប្បធម៌ ដែលត្រូវបានគេលួច។ ហេតុដូចនេះហើយ ទើបកម្ពុជាខ្នះខ្នែងស្វែងរកកិច្ចសហការពីបណ្ដាប្រទេសសមាជិកអាស៊ាន និងដៃគូអន្តរជាតិដទៃទៀត ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងការជួញដូរខុសច្បាប់ និងលើកកម្ពស់ការការពារទ្រព្យសម្បត្តិវប្បធម៌។ បេសកកម្មនេះ គឺស្របតាមគោលបំណងសំខាន់របស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ស្ដីពីកិច្ចការពារ និងការលើកកម្ពស់អត្តសញ្ញាណអាស៊ាន ក៏ដូចជាការថែរក្សា និងលើកកម្ពស់ សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់អាស៉ីអាគ្នេយ៍។

សន្និសីទអន្តរជាតិស្ដីពី «ការការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់៖ ទស្សនៈពីអាស៊ាន» ត្រូវបានរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមសហការដោយ Antiquities Coalition នៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីពិភាក្សា លើការការពារ និងការទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ ដែលកំពុងរងការគម្រាមកំហែងដល់បេតិកភណ្ឌដ៏សម្បូរបែបក្នុងតំបន់អាស៉ីអាគ្នេយ៍, សហគមន៍ក្នុងតំបន់ និងសេដ្ឋកិច្ចជាតិ ដែលជាកត្តាចាំបាច់របស់ប្រជាជននៃតំបន់អាស៉ីអាគ្នេយ៍។

សន្និសីទនេះមានការចូលរួមពីតំណាងមន្ត្រីរដ្ឋាភិបាល និងអ្នកជំនាញជាន់ខ្ពស់មកពីបណ្តាប្រទេសនានា ដែលជាអ្នកដឹកនាំផ្នែកគោលនយោបាយ ការអនុវត្តច្បាប់ សារមន្ទីរ និងសង្គមស៉ីវិល ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការការពារ និងទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់៕