(ភ្នំពេញ)៖ នៅទីស្នាក់ការអាជ្ញាធរមីន ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» និងការអនុវត្តផែនការបន្ត។

ក្នុងកិច្ចប្រជុំនោះ លោកទេសរដ្ឋមន្រ្តី បានថ្លែងថា តបតាមការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ក្នុងទិវាមច្ឆជាតិ នៅអាងទឹកត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ វិស័យឯកជន ក៏ជាប្រជាពលរដ្ឋខ្មែរយ៉ាងច្រើន បានសម្រេចចូលរួមវិភាគទានជាមួយរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា ឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥ ហើយសម្តេចតេជោ បានប្រគល់ភារកិច្ចជូនដល់ អាជ្ញាធរមីន ក្នុងការដឹកនាំ គ្រប់គ្រង និងសម្របសម្រួលដោយផ្ទាល់ សម្រាប់ការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»

លោកបានបន្តទៀតថា អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយប្រតិបត្តិករជាតិ រួមមាន៖ បញ្ជាការដ្ឋានកងទ័ពជើងគោក, មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម, និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដើម្បីរៀបចំផែនការបោសសម្អាតមីនជាអាទិភាព និងធ្វើការវិភាជន៍កម្លាំងបោសសម្អាតមីនរបស់ប្រតិបត្តិករឲ្យបានទាន់ពេលវេលា ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

ជាមួយគ្នានេះ អាជ្ញាធរមីន ក៏បានបញ្ជូនក្រុមការងារបច្ចេកទេសរបស់អាជ្ញាធរមីន ដើម្បីធ្វើការសិក្សា និងវាយតម្លៃស្ថានភាពចម្ការមីនជាក់ស្តែង ដោយសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីកាត់បន្ថយនូវរយៈពេល នៃការបោសសម្អាត និងការចំណាយផ្សេងៗគ្រាំទ្រដល់ការងារបោសសម្អាតមីន។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា រហូតដល់ពេលនេះ មានខេត្តចំនួន៦ និងឃុំចំនួន៧ បានទទួលផលប្រយោជន៍ពីគម្រោងសម្តេចតេជោដំណាក់កាលទី១ រួមមាន៖ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តកំពត និងខេត្តស្វាយរៀង និងឃុំចំនួន០៧ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយធ្វើការបោសសម្អាតក្នុងទំហំផ្ទៃដីសរុបចំនួន ៤២.៥១៣.៧២៩ ម៉ែត្រក្រឡា (៤២,៥១ គីឡូម៉ែត្រក្រឡា) ស្មើនឹង ៥២០ចម្ការមីន ដោយប្រើប្រាស់ថវិកាជាង៥,៧ លានដុល្លារ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេសរបស់អាជ្ញាធរមីន និងប្រតិបត្តិជាតិទាំងបី ដែលបានបំពេញការងារយ៉ាងសកម្មភាព និងផ្តល់កិច្ចសហការគ្នាទៅវិញទៅមកយ៉ាងល្អប្រសើរ ក្នុងគោលដៅរួម គឺពន្លឿនការបញ្ចប់វត្តមានគ្រាប់មីនដែលយើងបានដឹងឲ្យអស់ពីទឹកដីកម្ពុជា ក្នុងឆ្នាំ២០២៥ ស្របតាមទស្សនវិស័យ និងគោលបំណងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី៕