(កំពង់ធំ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំវគ្គបណ្តុះបណ្តាលស្ដីពីការសិក្សាតម្រូវការបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់គ្រួសារក្រីក្រ ដោយសហការជាមួយអនុគណៈកម្មាធិការជំនួយសង្គមនិងមូលនិធិជាតិជំនួយសង្គម ឧបត្ថម្ភគាំទ្រដោយអង្គការយូនីសេហ្វ ដែលមានរយៈពេល២ថ្ងៃ គឺថ្ងៃទី៥-៦ ខែកញ្ញា ឆ្នាំ២០២២ នៅមន្ទីរសង្គមកិច្ចខេត្តកំពង់ធំ។
កម្មវិធីបើកវគ្គធ្វើឡើងក្រោមអធិបតីភាពលោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមូលនិធិជាតិ និងមានការចូលរួមពីលោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ លោក លាង សុភា ប្រធានមន្ទីរមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងសិក្ខាកាមចូលរួមមកពី១៣ខេត្ត។
លោកបានលើកឡើងថា វគ្គបណ្តុះបណ្តាលស្តីពីការសិក្សាតម្រូវការបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់គ្រួសារក្រីក្រ មានគោលបំណងណែនាំដល់អ្នកប្រមូលទិន្នន័យឱ្យបានយល់ដឹងពីដំណើរការវិធីសាស្ត្រខ្លឹមសារ បញ្ជីសំណួរ និងឧបករណ៍បញ្ចូលទិន្នន័យ ដើម្បីមានសមត្ថភាពក្នុងការប្រើប្រាស់ឧបករណ៍ប្រមូលទិន្នន័យអំពីតម្រូវការបណ្តុះបណ្តាលវិជ្ជាជីវៈរបស់គ្រួសារក្រីក្រ ដើម្បីកំណត់តម្រូវការបណ្តុះបណ្តាលវិជ្ជាជីវៈរបស់យុវជនក្នុងគ្រួសារក្រីក្រ ផ្អែកតាមតម្រូវការរបស់អ្នកទទួលផល (Demand side) ដើម្បីជាមូលដ្ឋានក្នុងការបង្កើតកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ផ្សាភ្ជាប់ជាមួយការឧបត្ថម្ភសាច់ប្រាក់។
លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូដ-១៩ ដើម្បីផ្ដល់កិច្ចគាំពារនិងរក្សាលំនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ នៅក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលបានចាប់ផ្តើមអនុវត្តនៅខែមិថុនា ឆ្នាំ២០២០ រហូតមកដល់ពេលនេះមានរយៈពេលជាង២ឆ្នាំ សម្រាប់ជួយលើកកំពស់ស្ថានភាពជីវភាពរស់នៅរបស់គ្រួសារទទួលផលបន្ថែមទៀត ការបណ្តុះបណ្តាលវិជ្ជាជីវៈជាយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ក្នុងការរួមចំណែកបង្កើនជំនាញនិងមុខរបរដល់គ្រួសារទទួលផលរបស់កម្មវិធីឱ្យចាកចេញពីភាពក្រីក្រ និងងាយរងគ្រោះ។
លោកបានបញ្ជាក់ថា ការប្រមូលទិន្នន័យជាផ្នែកមួយអំពីការប៉ាន់ប្រមាណ ផ្អែកតាមតម្រូវការបណ្តុះបណ្តាលវិជ្ជាជីវៈពីក្រុមគោលដៅ (Demandside)។ ទិន្នន័យនេះនឹងត្រូវដាក់បញ្ចូលជាមួយទិន្នន័យ ដែលទទួលបានពីការប៉ាន់ប្រមាណតម្រូវការបណ្តុះបណ្តាលវិជ្ជាជីវៈពីកម្មវិធី (Supply side) ដើម្បីជាមូលដ្ឋានក្នុងការបង្កើតកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ផ្សារភ្ជាប់ជាមួយកម្មវិធីឧបត្ថម្ភសាច់ប្រាករបស់រាជរដ្ឋាភិបាល៕