(ហាណូយ, វៀតណាម)៖ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួងស្រេង បានអញ្ជើញដល់រដ្ឋធានីហាណូយ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នាយប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ក្នុងដំណើរទស្សនកិច្ច រយៈពេល៥ថ្ងៃ ក្នុងគោលដៅរឹតចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការឧិ្យកាន់តែល្អប្រសើរក្នុង នាមទីក្រុងសម្ពន្ធ័មេត្រីភាពទាំង២រាជធានីភ្នំពេញ និងទីក្រុងហាណូយ។

នៅថ្ងៃទី៥ ខែកញ្ញានេះ ប្រតិភូសាលារាជធានីភ្នំពេញដឹកនាំដោយលោក ឃួង ស្រេង អមដំណើរដោយលោក ចាយ ណាវុធ ឯកអគ្គរាជទូត នៃកម្ពុជា ប្រចាំសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងលោក NGUYEN TRONGDONG អភិបាលរងក្រុងហាណូយ បានអញ្ជើញទៅទស្សនកិច្ចទិដ្ឋភាពទូទៅ នៃសម្ពន្ធ័ក្រុមហ៊ុន CNTY EUZY និងគម្រោងសាងសង់រោងចក្រថាមពលសកម្មភាពភាព និងគម្រោងបច្ចេកទេសរបស់ក្រុមហ៊ុនថាមពលពីកាកសំណល់ SOC SON នៃបរិស្ថានធានអ៊ីហាណូយ និងគម្រោងរោងចក្រអគ្គីសនីបំម្លែងចេញពីកាកសំណល់ Soc Son។

តាមការបញ្ជាក់ពីលោក Li Ai Jun អគ្គនាយករងក្រុមហ៊ុន CNTY EUZY បានឲ្យដឹងថា សម្ពន្ធ័ក្រុមហ៊ុន CNTY EUZY ត្រូវបានបង្កើតឡើង នៅទសវត្សរ៍ឆ្នាំ១៩៥០។ ឆ្លងកាត់រយៈពេលជាច្រើនឆ្នាំ ដំណើរការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា បច្ចុប្បន្នសម្ព័ន្ឋក្រុមហ៊ុនជាប់ចំណាត់ថ្នាក់លេខ៣ នៅលើពិភពលោក ក្នុងវិស័យប្រតិបត្តិការបរិស្ថានទីក្រុង ដែលមានវិសាលភាពនៅក្នុងប្រទេសជាង៣០ មានរោងចក្រកម្ចាត់កាកសំណង់រឹងជាង ៣០០កន្លែង នៅទូទាំងពិភពលោក ដោយមានសមត្ថភាពកែឆ្នៃរហូតដល់៥ម៉ឺនតោនក្នុងមួយថ្ងៃ ជាមួយបុគ្គលិកសរុបជាង៨ម៉ឺននាក់ ក្នុងនោះមានបុគ្គលិកជាង៦ម៉ឺននាក់ជាជាតិអ៊ឺរ៉ុប។ ជាមួយគ្នានេះ ក៏បានកាត់បន្ថយកាកសំណល់ លើកកំពស់ប្រសិទ្ធភាព នៃការប្រើប្រាស់ដីធ្លី និងកាត់បន្ថយការបំពុលបរិស្ថានផងដែរ។

លោក ឃួង ស្រេង បានលើកឡើងពីការស្វាគមន៍របស់ រដ្ឋបាលរាជធានីភ្នំពេញ ប្រសិនបើបណ្តាក្រុមហ៊ុនពីវៀតណាម មានបំណងវិនិយោគលើការកែឆ្នៃ និងបំឡែងកាកសំណល់សំរាម ទៅជាឋាមពលអគ្គសនី និងបំលែងទឹកកខ្វក់ទៅជាទឹកស្អាត ក៏ដូចជាការទុកដាក់សំរាមបំបាត់ខ្លិនជាដើម។

អភិបាលបានគូសបញ្ជាក់ប្រាប់ទៅភាគីមិត្តពីដំណើរការអភិវឌ្ឍន៍រាជធានីភ្នំពេញ យ៉ាងឆាប់រហ័សដែលការអភិវឌ្ឍន៍ដ៏លឿនបែបនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ឃួង ស្រេង បន្ថែមទៀតថា រាជធានីភ្នំពេញ ដែលកំពុងរីកចំរើនយ៉ាងលឿនបែបនេះ បញ្ហាប្រឈមតែងកើតមានដូចជា៖ បញ្ហាចរាចរណ៍ សំណង់ ពិសេសបញ្ហាបរិស្ថាន, ប្រពន្ធ័លូ ជាពិសេសបញ្ហាសំរាមនេះតែម្តង ដែលរដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ក្នុងការលើកកំពស់បរិស្ថានទីក្រុង រួមជាមួយដៃគូអភិវឌ្ឍន៍មួយចំនួនទៀតផងដែរ។

លោក ឃួង ស្រេង ឲ្យដឹងទៀតថា រាជធានីភ្នំពេញមានកំណើនប្រជាពលរដ្ឋ យ៉ាងឆាប់រហ័សប្រមាណជាង៣លាន ចំណែកបរិមាណសំរាមបានកើនឡើងរហូតដល់ជាង៣ពាន់តោនក្នុងមួយថ្ងៃ។ នៅពេលខាងមុខរាជធានីភ្នំពេញ នឹងបង្កើតទីលានចាក់សំរាមថ្មីចំនួយ២កន្លែងបន្ថែមទៀតស្ថិតនៅប៉ែកខាងជើង និងខាងលិចរាជធានីភ្នំពេញនិងមានក្រុមហ៊ុនប្រមូលសំរាមចំនួន៣កំពុងប្រតិបត្តិប្រមូលសំរាម ក្នុងរាជធានីភ្នំពេញសព្វថ្ងៃនេះ៕