(ភ្នំពេញ)៖ ការជួបជុំរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅលើដីចម្ការក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នឹងផុតឱសានវាទត្រឹមម៉ោង៥៖៣០នាទីល្ងាចនេះ ប៉ុន្តែបើមិនរំសាយទេនោះ អាជ្ញាធរនឹងចាត់ វិធានការទៅតាមអ្វីដែលបានសន្យា។ នេះបើតាមការបញ្ជាក់ពីនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ប្រាប់មកបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៥ ខែកញ្ញានេះ។
បើតាមនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ ប្រជាពលរដ្ឋដែលកំពុងបន្តប្រមូលផ្តុំនៅចម្ការរបស់លោក ខឹម វាសនា នៅសល់តែជាង១ពាន់នាក់ទៀតប៉ុណ្ណោះក្រៅពីនោះបានរំសាយអស់ហើយ។ ក្នុងជំនួបជាមួយអាជ្ញាធរ និងសមត្ថកិច្ច លោក ខឹម វាសនា បានសន្យារំសាយការជួបជុំរបស់ខ្លួន នៅត្រឹមល្ងាចថ្ងៃទី០៥ ខែកញ្ញា។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា គិតត្រឹមវេលាម៉ោង១២ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋបានចាកចេញជាង២០០នាក់បន្ថែមទៀត (ស្រី៩៦នាក់ ក្មេង៣៥នាក់), រថយន្ត១៣គ្រឿង, ម៉ូតូ១៧គ្រឿង និងរ៉ឺម៉ក់៤គ្រឿង។
របាយការណ៍បន្តទៀតថា បើគិតចាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចបានទទួលពាក្យបណ្តឹង១០១បណ្តឹង ដែលមានចំនួនមនុស្សជាង២០០នាក់។ នៅថ្ងៃនេះដែរ គណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកម្លាំងចម្រុះ អញ្ជើញ ចុះពិនិត្យស្ថានរបស់ភាពទូទៅនៅគោលដៅចម្ការ១២ហិតានិងរៀបចំក្រុមការងារចុះទៅធ្វើបច្ចុប្បន្នភាពនៅចម្ការផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែសីហា កន្លងទៅថ្មីនេះ មានចលនាបំផុសបំផុលមនុស្ស ឲ្យទៅស្នាក់នៅជុំគ្នានៅដីចម្ការរបស់លោក ខឹម វាសនា ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមការសាបព្រោះពាក្យចចាមអារ៉ាម មានគ្រោះរញ្ជួញដី និងទឹកលិចលង់ពិភពលោកជាដើម។
ប្រជាពលរដ្ឋមានជំនឿលើការឃោសនាគ្រប់រាជធានីខេត្ត រួមទាំងពលករបម្រើការក្រៅប្រទេសរួមមានកូរ៉េខាងត្បូង ជប៉ុន និងថៃផង បានចាកចេញពីលំនៅឋាន ចាកចេញពីកន្លែងការងារ សម្រុកទៅរស់នៅក្នុងចម្ការ ដែលគេឃោសនាថាជាទីតាំងតែមួយគត់គេចផុតពីគ្រោះមហន្តរាយពិភពលោក។
ប្រជាពលរដ្ឋមានជំនឿដែលបានទៅប្រមូលផ្តុំត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនជាង ១ម៉ឺននាក់។ ប្រជាពលរដ្ឋដែលទៅទីនោះ ខ្លះទៅទាំងគ្រួសារ គ្រួសារខ្លះទៅស្វាមី គ្រួសារខ្លះទៅតែភរិយា ដោយបានប្រមូលទ្រព្យសម្បត្តិទៅជាមួយផង។ ខ្លះទៀតក៏បានលក់ទ្រព្យសម្បត្តិឡៃឡុងយកលុយទៅតាមខ្លួនថែមទៀតផង៕