(ភ្នំពេញ)៖ លោក ឌិញ ឡាថាំង សមាជិកការរិយាល័យនយោបាយមជ្ឈឹមបក្សកម្មុនិស្ដវៀតណាម និង ជាលេខាបក្សទីក្រុងហូជីមិញ បានថ្លែងថា កម្ពុជា និងវៀតណាម តែងតែមានទំនាក់ទំនង ដ៏ល្អជាមួយគ្នាលើគ្រប់វិស័យ ហើយលោកនឹងជំរុញឲ្យអ្នកវិនិយោគទុនវៀតណាមមក បណ្តាក់ទុនរកស៊ីនៅកម្ពុជា ឲ្យកាន់តែច្រើនថែមទៀត។
លោក ឌិញ ឡាថាំង បានថ្លែងដូច្នេះ ក្នុងពេលដែលរូបលោកដឹកនាំគណៈប្រតិភូគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងគណៈ កម្មាធិការបក្សទីក្រុងហូជីមិញ ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយលោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋ មន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦នេះ នៅទីស្តីការក្រសួង។
លោកស្រី ម៉ែន សំអន បានថ្លែងថា ដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូ គណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនីស្តវៀតណាម និងគណៈកម្មាធិការបក្សទីក្រុងហូជីមិញ ដឹកនាំដោយលោក ឌិញ ឡាថាំង រយៈពេល២ថ្ងៃនៅកម្ពុជានេះ នឹងជំរុញកិច្ចសហប្រតិបត្ដិការកម្ពុជា-វៀតណាម ឲ្យកាន់តែប្រសើរឡើង ពិសេសវិស័យវប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម និង ឧស្សាហកម្ម។
លោកស្រី ម៉ែន សំអន បានថ្លែងថា «កម្ពុជា-វៀតណាម មានចំណងសាមគ្គីភាព មិត្ដភាព ទំនាក់ទំនងដ៏ល្អជាមួយគ្នាតំាងយូរយាណាស់មកហើយ មិនតែប៉ុណ្ណោះ តាមរយៈដំណើរទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍ របស់គណៈប្រតិភូការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនីស្តវៀតណាម នៅកម្ពុជា នាពេលនេះ បានបង្ហាញឲ្យឃើញពីការរឹតចំណងសាមគ្គីភាព មិត្ដភាព ដែលមិនអាចកាត់ថ្លៃបាន»។
លោកស្រីបន្ដថា ដំណើរទស្សនកិច្ចនេះ នឹងបង្កើនកិច្ចសហប្រតិបត្ដិការកាន់តែល្អថែមទៀត ពិសេសវិស័យវប្បធម៌ ទេសចរណ៍ អ្នកវិនិយោគទុន កសិកម្ម ឧស្សាហកម្ម និងពាណិជ្ជកម្ម មិនតែប៉ុណ្ណោះ បានផ្ដល់ទំនុកចិត្ដដល់អ្នកវិនិយោគទុនវៀតណាមជាច្រើន ឲ្យមកធ្វើការវិនិយោគនៅកម្ពុជា មិនមានការព្រួយបារម្មណ៍អ្វីទំាងអស់ ដោយសារវិស័យនយោបាយរវាងប្រទេសទំាងពីមានទំនាក់ទំនងល្អជាមួយគ្នានេះ។
លោកស្រីបញ្ជាក់ទៀតថា កម្ពុជា-វៀតណាម នៅតែរក្សាចំណងសាមគ្គីភាព ដោយប្រកាន់ភ្ជាប់នូវបងប្អូនតែមួយប្រជាជនតែមួយ និង សហគមន៍តែមួយ កម្ពុជាបានប្រកាន់ខ្ជាប់យុទ្ធសាស្រ្ដការប្រមូលផ្ដុំ ការកៀងគរ និង ការបង្រួបបង្រួមជាតិនេះ ជាចំណុចខ្លំាង ដែលរាជរដ្ឋាភិបាលកម្ពុជា មិនអាចបោះបង់ចោលបានទេ។ លោកបញ្ជាក់ថា «ដោយមើលឃើញបែបនេះ ទើបធ្វើឲ្យប្រជាជន ក៏ដូចអ្នកវិនិយោគទុនវៀតណាម តែងតែសហប្រតិបត្តិការជាមួយកម្ពុជា បានល្អលើគ្រប់វិស័យ។ នេះជាជោគជ័យដ៏ធំធេងក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និងវប្បធម៌ ជាមួយគ្នាបានល្អយូរអង្វែង។ ការទំនាក់ទំនងជាមួយគ្នាដ៏ល្អនេះហើយ ដែលធ្វើឲ្យសហគមន៍អន្ដរជាតិ មានទំនុកចិត្ដ បានមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើងឥតឈប់ឈរ»។
លោក ឌិញ ឡាថាំង បានថ្លែងកោតសរសើរចំពោះភាពរីកចម្រើនរបស់កម្ពុជា ដែលបាននិងកំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ធ្វើឲ្យប្រជាជនមានជីវភាពធូរធារ ពិសេសមានសុខសន្តិភាព សណ្ដាប់ធ្នាប់ល្អ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខដឹកនំា ដែលមានភាពឆ្លាតវៃរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
លោកបន្តថា វៀតណាម និងកម្ពុជា តែងមានទំនាក់ទំនងដ៏ល្អជាមួយគ្នាលើគ្រប់វិស័យ ហើយលោកនឹងជំរុញឲ្យអ្នកវិនិយោគទុនវៀតណាម មកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ឲ្យកាន់តែច្រើនឡើងថែមទៀតលើគ្រប់វិស័យ ក្នុងនោះមាន វិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ ត្រូវអនុវត្តមុនគេនិងជួយបន្តបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។
ជាមួយគ្នានេះ លោកស្រី ម៉ែន សំអន បានបង្ហាញពីការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះអ្នកវិនិយោគិនវៀតណាម ក៏ដូចគ្រប់អ្នកវិយោគទាំងអស់ ក្នុងប្រទេសកម្ពុជា ដោយធានាផ្នែកច្បាប់ និងសន្តិសុខ សុវត្ថិភាព ជូនដល់ពួកគេផងដែរ៕