(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី បានបន្តឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតចំនួន១២គ្រួសារ រស់នៅលើដីសម្បទានសង្គមកិច្ចភូមិដងក្ដារ ឃុំក្រយា ស្រុកសន្ទុក។

អំណោយទាំងនោះត្រូវបាននាំទៅប្រគល់ជូនគ្រួសារអតីតយុទ្ធជនតាមរយៈលោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២។ ក្នុងមួយគ្រួសារទទួលបានអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ត្រីខចំនួន១យួរ និងថវិកាមួយចំនួន។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការដឹងគុណចំពោះវីរភាពរបស់អតីតយុទ្ធជនដែលបានលះបង់សាច់ស្រស់ឈាមស្រស់ រហូតធ្លាក់ខ្លួនពិការហើយមួយចំនួនទៀតបានពលីជីវិតដើម្បីចូលរួមចំណែកទប់ស្កាត់ ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងជាប្រតិបត្តិកចូលរួមអនុវត្តន៍នូវនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិធ្វើឲ្យប្រទេសជាតិមានសុខ សន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្ដាំផ្ញើដល់អតីតយុទ្ធជនទាំងអស់ ដែលកំពុងរស់នៅដីសម្បទានសង្គមកិច្ច ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈទេសរដ្ឋមន្រ្តីនាយឧត្ដមសេនីយ៍ គន់ គីម ដែលក្នុងមួយគ្រួសារទទួលបានដីសម្បទានសង្គមកិច្ច១ហិតាកន្លះ និងផ្ទះមួយខ្នងនៅទីនេះសូមឲ្យអតីតយុទ្ធជនខិតខំបង្កបង្កើនផល ដោះស្រាយជីវភាពគ្រួសារ ដើម្បីកសាងជីវភាពថ្មីឲ្យកាន់តែប្រសើរថែមទៀត។

អតីតយុទ្ធជនបានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធណ្ឌិត ព្រមទាំងបលោក ហ៊ុន ម៉ាណែត និងលោកស្រី រួមនិងក្រុមការងាររបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលតែងតែយកចិត្តទុកដាក់ជួយដោះស្រាយរាល់ទុក្ខលំបាកខ្វះខាតរបស់អតីតយុទ្ធជននៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែងនៅក្នុងខេត្តកំពង់ធំទាំងមូល៕