(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញាឆ្នាំ២០២២នេះ ដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ ដាំដើមផ្ការំដួលចំនួន៤០ដើម នៅក្នុងបរិវេណវត្តខេមរៈប៊ុណ្ណារាម ហៅវត្តថ្មី ស្ថិតក្នុងភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង។
ពិធីដាំដើមផ្ការំដួលនេះ ក៏មានការនិមន្តចូលរួមពីសំណាក់ព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃគង់នៅក្នុងវត្តជាច្រើនអង្គ ព្រមទាំងគណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ។
លោក ចេង មុនីរ៉ា បានថ្លែងថា៖ «ដើមរំដួលនេះប្រហែលជាប្រជាពលរដ្ឋមួយចំនួន មិនស្គាល់ទេមើលទៅកន្លងមកយើងមិនសូវបានដាំ និងនឹកគិតដល់ដើមរំដួលទេ គឺដឹងតែពីដាំប្រភេទ ឈើប្រណិត ដូចជា៖ គ្រញូង បេងនាងនួន ជាដើម។ ដើមផ្ការំដួលនេះ មិនសូវឃើញមានការចលនាឱ្យបានសស្រាក់សស្រាំ ដើម្បីនាំយកទៅដាំនោះទេ។ អញ្ចឹងហើយ ទើបអាជ្ញាធរ បានពិភាក្សាគ្នាជាមួយព្រះគ្រូចៅអធិការ និងមន្ត្រីជំនាញក៏សម្រេចដាំដើមផ្ការំដួល នៅក្នុងបរិវេណវត្ត ដើម្បីទុកឱ្យក្មេងៗជំនាន់ក្រោយបានស្គាល់»។
លោកអភិបាល បានបន្តថា ការដាំដើមរំដួលនេះ អាចនិយាយបានថាចូលរួមអភិរក្សដែរ គឺអភិរក្សនូវអ្វីដែលជានិមិត្តសញ្ញារបស់ជាតិ ការពារលើកស្ទួយ លើកតម្កើងនូវអ្វីដែលជារបស់ជាតិ។ ចាប់ពីពេលនេះតទៅសង្ឃឹមថា នៅតាមវត្តដទៃទៀត មានការរៀបចំដើម្បីដាំដើមផ្ការំដួលនេះ ដោយខ្លួនឯងទៅតាមលទ្ធភាព ដូច្នេះ សូមព្រះគ្រូចៅអធិការវត្ត និងគណៈកម្មការវត្ត សហការជាមួយអាជ្ញាធរ ឬមន្រ្តីជំនាញ ដើម្បីដាំដើមផ្ការំដួលនេះ។
ជាមួយគ្នានោះ លោក ចេង មុនីរ៉ា បានចូលរួមកសាងព្រះវិហារថ្មី ជាមួយព្រះគ្រូចៅអធិការនូវថវិកាចំនួន ១០លានរៀលផងដែរ៕