(ស្វាយរៀង)៖ អាវុធហត្ថខេត្តស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យ១១នាក់ និងវត្ថុតាងគ្រឿងញៀនមួយចំនួនធំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់។
មន្ត្រីអាវុធហត្ថខេត្តស្វាយរៀង បានឲ្យដឹងថា កាលវេលាម៉ោង ១៦៖៣០នាទី ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ តាមការផ្តល់ព័ត៌មានពីភ្នាក់ងារថា នៅចំណុចភូមិបារាយណ៍ ឃុំមេសថ្ងក ស្រុកចន្រ្ទា មានករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាកម្លាំងជំនាញដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ចុះទៅដល់ភូមិបារាយណ៍ ធ្វើការបង្រ្កាបដោយឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់។
ក្នុងប្រវត្តិការបង្ក្រាបគ្រឿងញៀននេះ មន្ត្រីអាវុធហត្ថរកហូតវត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លាចំនួន១០កញ្ចប់, ជញ្ជីងសម្រាប់ថ្លឹងគ្រឿង១គ្រឿង, អាវុធខ្លីចំនួន១ដើម (ខូច), អាវុធកែច្នៃ(បាញ់គ្រាប់កង់)២ដើម, គ្រាប់អាវុធកែច្នៃ(បាញ់គ្រាប់កង់)១កញ្ចប់ធំ, គ្រាប់អាវុធម៉ាកវ៉ាន់ដឺឡុង ចំនួន១០០គ្រាប់, ដាវសាំរ៉ៃ២ដើម, ទូរស័ព្ទដៃ៨គ្រឿង, សម្ភារសម្រាប់វេចខ្ចប់ និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួន និងរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីអនុវត្តនីតិវិធីបន្ត៕