(ស្វាយរៀង)៖ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោក ម៉ែន វិបុល អភិបាលខេត្ត បានដឹកនាំប្រតិភូខេត្ត នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ អញ្ជើញគោរពវិញ្ញាណក្ខន្ធលោកយាយ មហាឧបាសិកា ញឹម តេង ម្តាយក្មេករបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលមរណភាព នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៖៤០នាទីរសៀល ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយរោគាពាធ។
លោកអភិបាលខេត្ត និងប្រតិភូបានសម្តែងនូវការចូលរួមរំលែកនូវមរណទុក្ខ ដោយក្ដីស្រណោះ និងសង្វេគសោកស្ដាយបំផុតជាមួយលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ មហាឧបាសិកា ញឹម តេង នាពេលនេះ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធមហាឧបាសិកា ញឹម តេង សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា សពមហាឧបាសិកា ញឹម តេង ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ១ ផ្លូវលេខ៥ គម្រោងទី៥ បូរី ប៉េង ហួត ច្បារអំពៅ៕