(ភ្នំពេញ)៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២នេះ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី ទទួលជួបប្រតិភូក្រុមប្រឹក្សាទឹកនៃសភាអាស៊ី ដឹកនាំដោយ លោកសាស្រ្តាចារ្យបណ្ឌិត Yongdeok Cho អគ្គលេខាធិការក្រុមប្រឹក្សាទឹកអាស៊ី(Asian Water Council-AWC) ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួនពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអំពីទឹកនៃសភាអាស៊ីលើកទី៥ ដែលគ្រោងរៀបចំនៅខែមីនា ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជានាឆ្នាំ២០២៣។
លោកស្រីកិត្តិសង្គហបណ្ឌិត បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះប្រតិភូក្រុមប្រឹក្សាទឹកអាស៊ីនៃរដ្ឋសភាសាធារណរដ្ឋកូរ៉េ ដើម្បីពង្រឹងនិងអនុវត្តកិច្ចសហប្រតិបត្តិការការទូតសភាសម្រាប់ប្រទេសទាំងពីរ ក៏ដូចជាសមាជិកនៃក្រុមប្រឹក្សាទឹកអាស៊ីផងដែរ ដែលមានសមាជិកសរុប ១១ ប្រទេស។ លោកស្រីបានលើកឡើងអំពីសារៈសំខាន់នៃការគ្រប់គ្រងធនធានទឹក រួមទាំងទឹកសម្រាប់បរិភោគ ទឹកប្រើប្រាស់ ទឹកស្រោចស្រពក្នុងវិស័យកសិកម្ម និងឧស្សាហកម្មដែលមានភាពចាំបាច់សម្រាប់មនុស្សជាតិ។
នៅក្នុងដំណាក់កាលនៃបម្រែបម្រួលអាកាសធាតុ និងការប្រែប្រួលសណ្តាប់ធ្នាប់ពិភពលោក សន្តិសុខស្បៀង គឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីធានាបាននូវការបម្រើជូនប្រជាជនក្នុងពេលដែលមានវិបត្តិសង្គ្រាមកើតឡើង។ ហេតុដូចនេះ សន្តិសុខទឹក ពិតជាមានភាពពាក់ព័ន្ធទៅនឹងវិស័យជាច្រើនដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ ការគ្រប់គ្រង និងត្រួតពិនិត្យលើបរិមាណនិងគុណភាពទឹកទាមទារនូវការយល់ដឹងអំពីវិទ្យាសាស្រ្ត បរិស្ថាន សង្គម និងតម្រូវការរបស់មនុស្ស។ ជាពិសេស ការវិនិយោគលើការកសាងធនធានមនុស្ស បច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធទឹក។ ការអភិវឌ្ឍទឹកតម្រូវឱ្យការការរៀបចំផែនការមេដែលមានលក្ខណៈស៊ីសង្វាក់ជាប្រព័ន្ធស្របនឹងលក្ខណៈទីតាំងភូមិសាស្រ្តរបស់ប្រទេសនីមួយៗ។
សូមជម្រាបជូនថា ក្រុមប្រឹក្សាទឹកនៃសភាអាស៊ី (ASIA NATIONAL ASSEMBLY WATER CONSULTATIVE BOARD) ដែលហៅកាត់ថា «AAWC» ត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមសភានៃបណ្ដាប្រទេសក្នុងទ្វីបអាស៊ី ដែលកំពុងមានការលំបាកក្នុងការររៀបចំគោលនយោបាយទឹក និងដោះស្រាយបញ្ហាទឹក ដែលទាមទារឱ្យមានការចូលរួមយ៉ាងសកម្មក្នុងការរៀបចំ និងចែករំលែកអំពីការកសាងច្បាប់ គោលនយោបាយទឹក និងដាក់ចេញគោលនយោបាយទឹកសម្រាប់សកម្មភាពអង្គការនីតិប្បញ្ញតិ្ត និងមានភាពទាក់ទងគ្នាជាមួយនឹងអង្គការនីតិប្រតិបត្តិ។
ក្រុមប្រឹក្សាទឹកនៃសភាអាស៊ីមានអង្គប្រតិបត្តិមួយសំខាន់ គឺ ក្រុមប្រឹក្សាទឹកអាស៊ី (Asia Water Council – AWC) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ដើម្បីសម្រេចបាននូវការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹកក្នុងតំបន់អាស៊ីឱ្យមានចីរភាពស្របទៅនឹងការប្រែប្រួលអាកាសធាតុ។ ការយល់ដឹងអំពីវិធីសាស្រ្តប្រើប្រាស់គ្រប់គ្រងទឹក និងវិនិយោគលើធនធានទឹក អាចផ្តល់អោយយើងនូវបច្ច័យល្អសម្រាប់ការរស់របស់សង្គម ក៏ដូចជាការកសាងទីក្រុងឆ្លាតវៃស្របតាមបច្ចេកវិទ្យាថ្មីៗ។
ក្រោយជំនួបសម្តែងការគួរសម ប្រតិភូសភាក្រុមប្រឹក្សាទឹកនៃសភាអាស៊ីក៏បន្តប្រជុំការងារ ដើម្បីពិភាក្សាអំពីការគ្រោងរៀបចំក្រុមប្រឹក្សាភិបាលនៅកម្ពុជាជាមួយលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការទី ៥ នៃរដ្ឋសភា និងការរៀបចំផែនការសកម្មភាពដើម្បីសហប្រតិបត្តិការក្នុងកម្រិតពហុភាគី តំបន់ និងទ្វេភាគី។ សម្រាប់គម្រោងនាពេលអនាគត AAWC និង AWC នឹងពិនិត្យលទ្ធភាពដាក់លេខាធិការរដ្ឋាននៅព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តអនុវត្តគោលនយោបាយ និងផែនការសកម្មភាពសំខាន់ៗសម្រាប់ការទូតសភា អំពីការអនុវត្តនូវទស្សនទាន ភាពប្រទាក់ក្រលាគ្នារវាងថាមពល ទឹក និងការរៀបចំធានានូវសន្តិសុខស្បៀង។ ភាគីទាំងពីរ នឹងបន្តសហការណ៍គ្នាដើម្បីភាពជោគជ័យនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលទឹកនៃសភាអាស៊ីនាឆ្នាំក្រោយ។
ថ្លែងក្នុងឱកាសនៃជំនួបនេះ លោក Yongdeok Cho បានថ្លែងអំណរគុណជូនចំពោះ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី ដែលបានចំណាយពេលវេលាដ៏មាមាញឹកជួបប្រតិភូក្រុមប្រឹក្សាទឺកអាស៊ីនាពេលនេះ។ លោកបានរំលឹកអំពីដំណើរទស្សនកិច្ចរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ទៅសាធារណរដ្ឋកូរ៉េ កាលពីខែមេសា ឆ្នាំ២០២២ នេះ ដោយទទួលបានលទ្ធផលដ៏ត្រចះត្រចង់។ នាដំណើរទស្សនកិច្ចនាពេលនោះ លោក Byun Jaeill ប្រធានក្រុមមិត្តភាពកូរ៉េ-កម្ពុជា និងជាប្រធានក្រុមប្រឹក្សាទឹកនៃសភាអាស៊ី (AAWC) បានថ្លែងអំណរគុណចំពោះសភាកម្ពុជាដែលបានចាត់តាំង លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភាកម្ពុជាចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាទឹកនៃសភាអាស៊ី លើកទី៤ នៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ១៥-១៦ ខែមីនា ឆ្នាំ២០២២ និងបានសម្តែងនូវការរីករាយដែលកម្ពុជាបានឯកភាពរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាទឹកនៃសភាអាស៊ីលើកទី៥ នាឆ្នាំ២០២៣ ខាងមុខ។
គូសបញ្ជាក់ដែរថា កិច្ចប្រជុំលើកទី៤ របស់ AAWC ក៏បានអនុម័តលើគម្រោងមួយ ក្រោមកម្មវិធីសុខុមាលភាពទឹកស្អាត AAWC នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ គម្រោងនេះមានថវិកាចំនួន ៩៩៨លានវ៉ុនកូរ៉េ (ប្រហែល 748,945 ដុល្លារអាមេរិក) ក្នុងគោលបំណងបង្កើតផែនការមេសម្រាប់សន្តិសុខទឹកក្នុងស្រុកគងពិសី ដោយមានក្រសួងឧតុនិយម និងធនធានទឹក ជាភ្នាក់ងារអនុវត្តគម្រោង៕