(ភ្នំពេញ)៖ លោក កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ និងជាប្រធានក្រុមការងារ ដើម្បីពិភាក្សាកិច្ចការបច្ចេកទេស ក្នុងការផ្តល់សេវាទទួលប្រាក់ពន្ធ-អាករគ្រប់ប្រភេទ តាមធនាគារពាណិជ្ជ បានជំរុញធនាគារពាណិជ្ជដៃគូ ខិតខំយកចិត្តខ្ពស់ក្នុងការពង្រឹង និងបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាទទួលប្រាក់ពន្ធ ឲ្យបានកាន់តែល្អប្រសើរ។

ការជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក កែ ន សម្បត្តិ ដឹកនាំកិច្ចប្រជុំជាមួយធនាគារពាណិជ្ជដៃគូ ដើម្បីពិនិត្យពិភាក្សា តាមដានវឌ្ឍនភាព និងពង្រឹងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពាណិជ្ជដៃគូ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២។

លោក កែន សម្បត្តិ បានជំរុញឲ្យធនាគារពាណិជ្ជដៃគូ ខិតខំយកចិត្តខ្ពស់ ក្នុងការពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាទទួលប្រាក់ពន្ធ ជូនអគ្គនាយកដ្ឋានពន្ធដារ ឲ្យបានកាន់តែល្អប្រសើរថែមទៀត ដើម្បីលើកកម្ពស់ការផ្តល់សេវាបង់ពន្ធជូនអ្នកជាប់ពន្ធ និងអនុលោមភាពសារពើពន្ធ។

ទន្ទឹមនឹងនេះ លោក កែន សម្បត្តិ ក៏បានជំរុញ និងលើកទឹកចិត្តដល់ធនាគារពាណិជ្ជដៃគូ ឲ្យបន្តសហការជិតស្និតជាមួយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីដោះស្រាយបញ្ហាបច្ចេកទេស ពាក់ព័ន្ធនឹងការទទួលប្រាក់ពន្ធ ឲ្យបានទាន់ពេលវេលា។

លើសពីនោះទៀត លោកបានប្រាប់ឲ្យយកចិត្តទុកដាក់ពន្លឿនការ ធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ធនាគារដៃគូនីមួយៗ ដើម្បីឈានទៅធ្វើសន្ធានកម្មជាមួយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ជាប្រយោជន៍ចូលរួមផ្ដល់សេវាទទួលប្រាក់ពន្ធតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ចំពោះធនាគារពាណិជ្ជដៃគូ ដែលមិនទាន់មានប្រព័ន្ធនេះ។

គូសបញ្ជាក់ថា មកដល់ពេលនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារពាណិជ្ជចំនួន១០ រួចមកហើយ ដែលក្នុងនោះមាន៖

១៖ ធនាគារ កាណាឌីយ៉ា ក.អ
២៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី
៣៖ ធនាគារ កម្ពុជាសាធារណៈ ភីអិលស៊ី
៤៖ ធនាគារ វឌ្ឍនៈ
៥៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់
៦៖ ធនាគារ ប្រៃសណីយ៍កម្ពុជា កអ
៧៖ ធនាគារ ពាណិជ្ជក្រៅប្រទេសនៃកម្ពុជា
៨៖ ធនាគារ ស្ថាបនា ភីអិលស៊ី
៩៖ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់
និង១០៖ ធនាគារវីង (ខេមបូឌា) លីមីធីត ក្នុងការធ្វើប្រតិបត្តិការផ្តល់សេវាទទួលប្រាក់ពន្ធ ជំនួសឲ្យអគ្គនាយកដ្ឋានពន្ធដារ៕