(កំពង់ឆ្នាំង)៖ អភិបាលរងខេត្តកំពង់ឆ្នាំង ចំនួន៤រូប ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ថ្លែងក្នុងឱកាសនោះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក្នុងនាមគណៈអភិបាលខេត្តកំពង់ឆ្នាំង សូមប្រកាសគាំទ្រ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលដែលផ្ដល់ទំនុក ចិត្តប្រកាសតែងតាំងអភិបាលរងខេត្តថ្មី ចំនួន៤រូប ដល់ខេត្តកំពង់ឆ្នាំង។

លោកបានបន្តថា ដើម្បីអនុវត្តឲ្យបានជោគជ័យនូវយុទ្ធ សាស្ត្រចតុកោណដំណាក់កាលទី៤របស់ប្រមុខរាជរដ្ឋាភិបាល ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំសង្កាត់ និងពង្រឹងសមត្ថភាពក្នុងការដឹកនាំក្នុងដែនរដ្ឋបាលរបស់ខ្លួនដើម្បីអភិវឌ្ឍន៍ទឹកដីខេត្តកំពង់ឆ្នាំង ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ដោយយកចិត្តទុកដាក់ដោះស្រាយទំនាស់នានា ដោះស្រាយសំណូមពរ និងសេវាតម្រូវការនានារបស់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា និងមានតម្លាភាព ស្របតាមលិខិតបទដ្ឋានគតិយុត្តិនានារបស់ជាតិ។

ជាមួយគ្នានេះ លោក ប៉ាវ ហមផាន បានណែនាំដល់អភិបាលរងដែលទើបប្រកាសចូលកាន់តំណែង រួមមាន ទី១៖ លោក យិន សាវ៉េន, ទី២៖ លោក ឈឹម វុទ្ធា, ទី៣៖ លោក ពេជ្រ កែវមុនី និងទី៤៖ លោក យ៉ង់ ភារម្យ ត្រូវប្រកាន់ឥរិយាបថ ជាមន្ត្រីសាធារណៈបម្រើប្រជាជន ដោយត្រូវស្មោះត្រង់ជាមួយ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។ ត្រូវក្លាយខ្លួនពីនាក់គ្រប់គ្រងទៅជាអ្នកផ្ដល់សេវាជូនប្រជាពលរដ្ឋ ដោយប្រសិទ្ធិភាព និងដោយគោរព ក្នុងស្មារតីសាមគ្គីភាពទូលំទូលាយមិនរើសអើង មិនប្រកាន់បក្សពួក។

បន្ថែមពីនេះ ត្រូវជំរុញការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិ ភាពឱ្យមានប្រសិទ្ធភាពខ្ពស់។ ដោយក្នុងនោះត្រូវពង្រឹងការងារស្នូលទាំង៥នៅគ្រប់មូលដ្ឋាន មេឃុំ ចៅសង្កាត់, ស្មៀនឃុំ និងស្មៀនសង្កាត់, នគរបាលប៉ុស្ដិ៍, មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព និងមេភូមិ ដែលជាអ្នករស់នៅផ្ទាល់ ដឹងសុខទុក្ខ ដឹងការលំបាករបស់ប្រជាពលរដ្ឋ។

លើសពីនេះ ត្រូវសហការគ្នាដោះស្រាយទំនាស់ និងសំ ណូមពរនានាដោយយុត្តិធម៌ឈរលើមូលដ្ឋានច្បាប់ទើប ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានមានជំនឿ និងទទួលបានសចក្តីសុខ ដូចពាក្យថាទីណាមានថ្នាក់ដឹកនាំល្អទីនោះមានសុខសន្តិភាព។ នេះជាអ្វីដែលជាការផ្ដាំផ្ញើបន្ថែមរបស់ លោក ប៉ាវ ហមផាន៕