(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលស្រុករំដួល ដោយលោក ហែម សុីណា ប្រកាសជាអភិបាលស្រុករំដួលថ្មី ជំនួសលោក សុខា រ៉ាម ទទួលភារកិច្ចថ្មី ជាអភិបាលរងខេត្តស្វាយរៀង។
ពិធីប្រកាសនេះក៏មានការចូលរួមពីលោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីរាជការសាលាស្រុក និងការិយាល័យនានាជុំវិញស្រុក មេឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង១០ឃុំ តំណាងសមាគម អង្គការសង្គមស៊ីវិលដែលកំពុងធ្វើសកម្មភាពក្នុងស្រុករំដួល និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
លោកអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនៅទូទាំងស្រុក ជាពិសេសក្រោមការដឹកនាំរបស់លោក សុ ខា រ៉ាម អតីតអភិបាលស្រុករំដួល នាពេលកន្លងមក បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បំពេញតួនាទីភារកិច្ចប្រកបដោយការសាមគ្គីភាពក្នុងជួរគណៈអភិបាលស្រុក និងមន្ត្រីរាជការទាំងអស់ ធ្វើឲ្យស្រុករបស់ខ្លួន សម្រេចបាននូវលទ្ធផលល្អប្រសើររួមមាន ការអភិវឌ្ឍ ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការថែរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្រ។
លោកអភិបាលខេត្ត បានផ្ដាំផ្ញើនូវកិច្ចការសំខាន់ៗ មួយចំនួនដូចជា៖
*ទី១៖ ត្រូវបន្តជំរុញលើកទឹកចិត្តប្រជាពលរដ្ឋ ឲ្យចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងបង្កើនការសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ការជួញដូរមនុស្ស ចោរកម្ម និង ល្បែងស៊ីសងនៅគ្រប់មូលដ្ឋានទូទាំងស្រុក ទន្ទឹមនេះក៏ត្រូវបន្តចាត់វិធានការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឲ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់។
*ទី២៖ រដ្ឋបាលស្រុក ត្រូវបន្តយកចិត្តទុកដាក់ក្នុងកិច្ចការដឹកនាំការអនុវត្តវិធានការបង្ការ ទប់ស្កាត់ការ រីករាលដាល នៃជំងឺកូវីដ-១៩ និងជំរុញដឹកនាំការងារចាក់វ៉ាក់សាំងឲ្យបានកាន់តែ សកម្មថែមទៀត ទាំងដូសមូលដ្ឋាន និងដូសជំរុញ (ទី៣ ទី៤ និងទី៥)។
*ទី៣៖ រដ្ឋបាលស្រុក ត្រូវធ្វើការផ្សព្វផ្សាយ ណែនាំ និងជំរុញឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា បើតាមប្រតិទិនរបស់ គ.ជ.ប ត្រូវចាប់ផ្ដើមពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។
*ទី៤៖ ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើ ការងារ ទំនាក់ទំនងការងារឲ្យបានល្អ នៅក្នុងក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រី រាជការ និងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ដោយត្រូវចៀសវាងឲ្យបាននូវទំនាស់ផលប្រយោជន៍ និងទំនាស់ដែលកើតចេញពីការប្រើអំណាចមិនត្រឹមត្រូវ។
*ទី៥៖ គណៈអភិបាលស្រុក ត្រូវរៀបចំធ្វើការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងជួរគណៈអភិបាលស្រុក ឲ្យបានច្បាស់លាស់ ស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ។
*ទី៦៖ គណៈអភិបាលស្រុក ត្រូវយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងវត្តមាន និងការបំពេញ ការងាររបស់មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុក ព្រមទាំងត្រូវរៀបចំ និងដាក់ឲ្យអនុវត្តលក្ខខណ្ឌការងារជូនមន្ត្រីរាជការ ធ្វើយ៉ាងឲ្យមន្ត្រីគ្រប់រូបមានការងារធ្វើគ្រប់ៗគ្នា ទន្ទឹមនិងការពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការ ដើម្បីត្រៀមទទួលការផ្ទេរមុខងារពីក្រសួង-ស្ថាប័នថ្នាក់ជាតិ នាពេលខាងមុខ។
*ទី៧៖ សូមឲ្យលោកអភិបាលស្រុកថ្មី ទន្ទឹមនឹងអនុវត្តការងារគ្រប់គ្រងរដ្ឋបាល និងការងារ សន្តិសុខក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក គឺចាំបាច់ណាស់ត្រូវមានគំនិតអភិវឌ្ឍន៍ មានចក្ខុវិស័យដឹកនាំច្បាស់លាស់ ប្រកបដោយគំនិតច្នៃប្រឌិត និងនវានុវត្តន៍ ជាពិសេសត្រូវ ខិតខំប្រមូលផ្ដុំធនធានដែលមានស្រាប់ និងកៀរគរការចូលរួមពីគ្រប់មជ្ឈដ្ឋាន ដើម្បីអភិវឌ្ឍន៍ស្រុកឲ្យមានការរីកចម្រើន និងឆ្លើយតបទៅនឹងសេចក្តីត្រូវការជាក់ស្តែងពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសលើផ្នែកសេវាកម្មសាធារណៈ។
*ទី៨៖ បច្ចុប្បន្ននេះបើទោះបីជាស្រុកនៅមិនទាន់រៀបចំសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ប៉ុន្តែការិយាល័យច្រកចេញចូលតែមួយស្រុក ក៏បាននិងកំពុងដំណើរការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋរួចហើយ ដូច្នេះត្រូវខិតខំពង្រឹងការអនុវត្តការងារនេះ ឲ្យមានដំណើរការល្អ ដើម្បីលើកកម្ពស់ការផ្ដល់សេវារដ្ឋបាលជូន ប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព ប្រកប ដោយអភិបាលកិច្ចល្អ ស្របតាមបែបបទ និងនីតិវិធី នៃការផ្ដល់សេវាតាមរចនាសម្ព័ន្ធ និងមុខងារថ្មី៕