(កណ្តាល)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូចុះត្រួតពិនិត្យសំណង់អគារនានា និងហេដ្ឋារចនាសម្ព័ន្ធ របស់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងសំណេះសំណាលសួរសុខទុក្ខជាមួយមន្រ្តីកំពុងបម្រើការងារនៅមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី មណ្ឌលយុវនីតិសម្បទា មណ្ឌលកុមារកំព្រា ស្ថិតនៅភូមិបារគូ ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

មជ្ឈមណ្ឌលនេះ អាចទទួលជនរងគ្រោះប្រមាណ ១០០០នាក់ មកទទួលសេវាព្យាបាល អប់រំ និងបន្សាបគ្រឿងញៀន និងគ្រោងដាក់សម្ពោធឲ្យប្រើប្រាស់នាពេលឆាប់ៗខាងមុខនេះ។

ក្នុងដំណើរទស្សនកិច្ចនេះផងដែរ រដ្ឋមន្រ្តី វង សូត ក៏ពិនិត្យលទ្ធភាពដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅមណ្ឌលកុមារកំព្រាមិត្តភាព កម្ពុជា-បារាំង-ហុងគ្រី ដើម្បីផ្តល់ភាពងាយស្រួលដល់មន្រ្តីកំពុងបម្រើការងារនៅទីនេះ ក៏ដូចជា ចុះពិនិត្យមើលទីតាំងដីដែលក្រសួងគ្រោងរៀបចំសាងសង់មណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ សម្រាប់ទទួលពលករចំណាកស្រុក និងជនរងគ្រោះ និងងាយរងគ្រោះ សំដៅធ្វើយ៉ាងណាឲ្យពួកគាត់ទទួលបាននូវការបម្រើសេវា អប់រំប្រឹក្សាយោបល់ ស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និងធ្វើសមាហរណកម្មទៅសហគមន៍វីញ ឲ្យកាន់តែប្រសើរថែមទៀតស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន សាងសង់ឡើងលើផ្ទៃដី ១៩,៨០០ ម៉ែត្រការ៉េ ដោយក្នុងនោះ រួមមាន៖ អគាររដ្ឋបាល ១ខ្នង (ទំហំ ១៩ម៉ែត្រ គុណ៣៦ម៉ែត្រ ), អគាររងចាំ និងឃ្លាំង ១ខ្នង (ទំហំ ២០ម៉្រែតគុណ ៣០ម៉្រែត ), អគារម៉ាស៊ីនបូមទឹក ១ខ្នង (ទំហំ ៤ម៉្រែត គុណ៨ម៉្រែត ) អាងស្តុកទឹក ៣៦ម៉ែត្រគូប និងបាសាំងទឹកធំ ១៩០ម៉ែត្រគូប, អគារស្តារនីតិសម្បទា ៤ខ្នង (ទំហំ ១៦ម៉្រែតគុណ៣៥ម៉្រែត ) ដោយក្នុង១ខ្នង មាន៧បន្ទប់ និងបន្ទប់ទឹកខាងក្នុងតាមបន្ទប់នីមួយៗ, អគារផ្ទះបាយ ១ខ្នង (ទំហំ ១៥ម៉្រែតគុណ ៣៥ម៉្រែត ), អគាររោងជាង ១ខ្នង (ទំហំ ១០ម៉្រែតគុណ៣០ម៉្រែត ), អគារស្នាក់នៅរបស់មន្រ្តី ១ខ្នង (ទំហំ ១២ម៉្រែតគុណ ២៩ម៉្រែត ) មាន ៦បន្ទប់ និងតារាងបាល់ (បាល់ទះ និងបាល់ទាត់),របង ក្លោងទ្វារ និងបំពាក់នូវបរិក្ខាបច្ចេកទេស សង្ហារឹម សម្រាប់មន្រ្តីដែលនឹងត្រូវមកបំពេញការងារនៅទីនេះ៕