(សៀមរាប)៖ ស្ត្រីជាម្តាយមួយរូបទៀត បានយំសោកបោកខ្លួនដូចអក ព្រោះតែកូនស្រីជាទីស្រឡាញ់លង់នឹងការពង្វក់របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងបក្ខពួក រហូតបោះបង់ចោលការសិក្សា និងផ្ទះសម្បែង។
ស្ត្រីដែលមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ បានទៅរកកូនរបស់ខ្លួនដែលកំពុងសម្ងំនៅចម្ការលោក ខឹម វាសនា ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។ អ្នកស្រីបានជួបកូន ហើយបានទទូចអង្វរឱ្យកូនត្រឡប់ទៅផ្ទះវិញជាមួយ តែកូនរបស់អ្នកស្រីមិនព្រមទៅវិញនោះឡើយ ដោយទទូចស្នាក់នៅចម្ការនោះរយៈពេល១០ថ្ងៃបន្ថែមទៀត។
ដោយអង្វរកូនមិនព្រមត្រឡប់ទៅផ្ទះវិញជាមួយធ្វើឱ្យស្រ្តីជាម្តាយរន្ធត់ និងក្តុកក្តួលចិត្តជាខ្លាំង។ ដោយក្តីសង្វេគក្នុងចិត្តនឹកស្មានមិនដល់ចំពោះទង្វើរបស់កូនស្រី ដែលងប់ងុលខ្លាំងរហូតលែងស្តាប់អ្នកស្រីជាម្តាយ បានធ្វើឱ្យគាត់រំជួលចិត្តស្រែកទ្រហោយំយ៉ាងខ្លាំង ប្រៀបដូចជាអកព្រាត់កូន។
បើទោះម្តាយយំស្ទើរសន្លប់ទៅហើយ កូនស្រីនៅតែបន្តចចេសចង់បន្តស្នាក់នៅក្នុងចម្ការរបស់លោក ខឹម វាសនា តាមបំណងរបស់ខ្លួន។
សូមបញ្ជាក់ថា មានយុវជន យុវតីជាច្រើន ព្រោះតែលង់ជឿតាមការសាបព្រោះរបស់លោក ខឹម វាសនា និងបក្ខពួក បានធ្វើឱ្យពួកគេសម្រេចបោះបង់ការសិក្សា បោះបង់ឪពុកម្តាយ និងផ្ទះសម្បែង ហើយចូលទៅសម្ងំនៅក្នុងចម្ការរបស់លោក ខឹម វាសនា។ មានអាណាព្យាបាលជាច្រើន កើតក្តីសង្វេគ និងតក់ស្លុតជាខ្លាំង នៅពេលឃើញកូនៗដែលធ្លាប់ជាមនុស្សនិយាយស្តាប់គ្នា ប្រែទៅជាចចេសរឹងរូស និងលើកហេតុផលផ្សេងៗ ដែលគេទទួលបានពីការបង្រៀនរបស់ក្រុមលោក ខឹម វាសនា។
មហាជនបានសម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះកាយវិការប្រែប្រួលរបស់យុវជន យុវតីខ្មែរ ក្រោមមនោគមន៍វិជ្ជារបស់លោក ខឹម វាសនា ដែលនឹងរុញទៅជាការប៉ះពាល់ដល់សីលធម៌រស់នៅក្នុងសង្គមខ្មែរ ហើយអាចក្លាយជាជំងឺដ៏លំបាកមួយក្នុងសង្គម។ អ្នកខ្លះបានប្រដូចមនោគមន៍វិជ្ជារបស់លោក ខឹម វាសនា ដែលសាបព្រោះលើយុវជន យុវតីខ្មែរ មានភាពស្រដៀងគ្នាទៅនឹងមនោគមន៍វិជ្ជារបស់មេដឹកនាំខ្មែរក្រហម៕