(រតនគិរី)៖ តាមរយៈ «យុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» ដែលបានដាក់ចេញដោយក្រសួងបរិស្ថាន និងអង្គការដៃគូ ដែលមានរយៈពេល៦ខែ នៅខេត្តគោលដៅចំនួន៦ នាតំបន់ខាងកើតទន្លេមេគង្គ ខណៈខេត្តចុងក្រោយត្រូវបានបើកយុទ្ធនាការនៅខេត្តរតនគិរី គឺបានបញ្ជ្រាបការយល់ដឹងពីគុណតម្លៃនៃធនធានធម្មជាតិ និងសត្វព្រៃ ដល់ប្រជាពលរដ្ឋជាង៣លាននាក់ តាមរយៈអត្ថបទព័ត៌មានដែលផ្សព្វផ្សាយ ដោយស្ថាប័នព័ត៌មាននានា ព្រមទាំងក្រុមសិល្បៈករ សិល្បៈការិនី និងអ្នកលេងបណ្តាញសង្គមផ្សេងៗទៀតជាដើម។
តាមរយៈយុទ្ធនាការនេះ គឺមានភោជនីយដ្ឋាន និងអាហារដ្ឋានចំនួន៥២ ក្នុងខេត្តគោលដៅទាំង៦ បានសន្យាមិនធ្វើមុខម្ហូបពីសាច់សត្វព្រៃដល់ភ្ញៀវជាដាច់ខាត។
សម្រាប់យុទ្ធនាការអន្ទាក់សូន្យ នៅខេត្តរតនគិរី ត្រូវបានបើកយុទ្ធនាការនាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ ដោយមានការចូលរួមពីសំណាក់លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី, សមាជិកក្រុមប្រឹក្សាខេត្ត, ស្ថាប័នតុលាការ, អង្គការដៃគូ ប្រធានមន្ទីរបរិស្ថានខេត្ត, កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង៥០០នាក់ នៅក្រុងបានលុង។
លោក នេត្រ ភក្ត្រា បានថ្លែងថា ថាក្រោយបិទបញ្ចប់យុទ្ធនាការជំហានទី១ នៃខេត្តចំនួន៦ នៅតំបន់ភាគខាងកើតទន្លេមេគង្គ ក្រសួងបរិស្ថាននឹងបន្តដឹកនាំអង្គការដៃគូធ្វើយុទ្ធនាការអន្ទាក់សូន្យនេះ នៅខេត្តមួយចំនួនទៀត នៅតំបន់ជួរភ្នំក្រវាញខាងត្បូងក្នុងនោះមានខេត្តកំពង់ស្ពឺ កោះកុង ពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង និងខេត្តព្រះសីហនុផងដែរ។
ប្រធានយុទ្ធនាការអន្ទាក់សូន្យរូបនេះ បានគូសបញ្ជាក់ថា៖ «ជាចក្ខុវិស័យជារួមទៅមុខសម្រាប់ខេត្ត ដែលស្ថិតនៅខាងកើតទន្លេមេគង្គ ដែលមាន៦ខេត្ត គឺខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ និងខេត្តរតនគិរី យើងនឹងធ្វើការបូកសរុបក្នុងកិច្ចប្រជុំបូកសរុប លទ្ធផល បិទបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២២ ហើយយើងនឹងប្រមូលនូវទិន្នន័យ ដែលពាក់ព័ន្ធ និងការផ្ដល់មតិយោបល់ត្រឡប់មកវិញថា តើយុទ្ធនាការរបស់យើងក្នុងរយៈពេល៦ខែកន្លងមកនេះ វាបានផ្ដល់ផលជាវិជ្ជមាន និងអវិជ្ជមានយ៉ាងណាខ្លះ»។
ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា បន្ទាប់ទៅមុខទៀត ក្រសួងនឹងធ្វើការវាយតម្លៃទៅលើទិន្នន័យដែលទទួលបានហើយនឹងបន្តទៅការអនុវត្តយុទ្ធនាការនេះ ជំហានទី២។
បន្ថែមពីនេះ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា សម្រាប់យុទ្ធនាការអន្ទាក់សូន្យដែលបានដាក់ចេញនៅតាមខេត្តគោលដៅចំនួន៦នេះ មិនមែនមានន័យថាត្រូវបិទបញ្ចប់នូវយុទ្ធនាការទាំងស្រុងនោះទេ ប៉ុន្តែ យុទ្ធនាការនេះនឹងត្រូវធ្វើដូចភ្លៀងរលឹម ដើម្បីបញ្ជ្រាបការយល់ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតដល់ប្រជាពលរដ្ឋនៅគ្រប់ស្រទាប់វណ្ណៈ ពីសារគុណតម្លៃ និងសារសំខាន់នៃធនធានធម្មជាតិ និងសត្វព្រៃដែលមានវត្តនៅកម្ពុជា។
បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ បានបន្ថែមថា ក្រសួងបរិស្ថាន និងអង្គការដៃគូក៏មានគោលបំណងមួយចំនួនទៀត នៅជំហានបន្ទាប់ក្នុងនោះមានការពង្រឹងក្រុមការងារអនុវត្តច្បាប់ នៅតាមខេត្តដើម្បីអន្តរាគមន៍ភ្លាមៗ ក្នុងការអនុវត្តច្បាប់ ឬក៏ការអប់រំ ការចុះកិច្ចសន្យា អប់រំ អ្នកដែលប្រព្រឹត្តបទល្មើស គឺជាកិច្ចការងារអាទិភាព។ តាមរយៈការអនុវត្តយុទ្ធនាការកន្លងមកនេះ រដ្ឋបាលខេត្ត ដែលបានធ្វើយុទ្ធនាការនេះ គឺបានបង្ហាញនូវការគាំទ្រពេញទំហឹងទៅលើយុទ្ធនាការអន្ទាក់សូន្យនេះ។ នេះជាឆន្ទៈរួមរបស់រដ្ឋបាលខេត្ត ដែលមានតួនាទី ការពារនិង អភិរក្សធនធានធម្មជាតិ នៅថ្នាក់ក្រោមជាតិ។ សកម្មភាពនេះ ក៏ជាការបង្ហាញនូវឆន្ទៈ រួមរបស់រាជរដ្ឋាភិបាល របស់អង្គការដៃគូ របស់សហគមន៍ការពារធម្មជាតិ របស់អ្នកដែលស្រឡាញ់បរិស្ថានស្រឡាញ់សត្វព្រៃ ក្នុងគោលដៅរួមដើម្បី កាត់បន្ថយអន្ទាក់ និងផ្ដល់ជម្រកសុវត្ថិភាពដល់សត្វព្រៃ។
លោក នេត្រ ភក្ត្រា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្រាប់ភូមិភាគឦសាននេះ បណ្ដាខេត្តទាំង៦ យើងនឹងបន្តសកម្មភាពបន្ថែមទៀត តែជាមួយនឹងផែនការថ្មី ជាមួយនឹងគោលដៅថ្មី ហើយជាមួយនឹងសកម្មភាពថ្មី តែបម្រើឱ្យគោលដៅចាស់គោលបំណងចាស់របស់យើង គឺការផ្ដល់សុវត្ថិភាពដល់សត្វព្រៃ និងកាត់បន្ថយអន្ទាក់ ពីក្នុងតំបន់ការពារធម្មជាតិ»។
ដោយឡែក លោក សេង ទៀក ប្រធានអង្គការ WWF ប្រចាំកម្ពុជា បានបង្ហាញរបាយការណ៍ ដែលបានរៀបចំក្នុងខេត្តចំនួន៥ ដែលបាន រៀបចំ៥ លើកកន្លងមកនេះ គឺមានការចូលរួមដោយផ្ទាល់ ពីសិក្ខាកាមដែលបានចូលរួមក្នុងខេត្តទាំង៥ កន្លងមកនេះ មាន ចំនួន ២,៥៩៥នាក់។ ក្នុងនោះមានតំណាងមកពីខាងរដ្ឋាភិបាល អាជ្ញាធរខេត្ត អង្គការសង្គមស៊ីវិលនានា សហគមន៍ និងប្រជាពលរដ្ឋ សិស្សានុសិស្សតាមបណ្ដាខេត្តនីមួយៗ។
អ្នកអភិរក្សរូបនេះ បានឱ្យដឹងថា ចំណុចមួយដែលសំខាន់តាមរយៈយុទ្ធនាការនេះ បានធ្វើនៅខេត្តនីមួយៗ ដោយបានផ្សព្វផ្សាយ តាមរយៈរ៉ឺម៉កកង់៣ អំពីសារៈសំខាន់ៗ អំពីយុទ្ធនាការដោយ អាជ្ញាធរខេត្ត និងអង្គការដៃគូ ដែលបានផ្សព្វផ្សាយរយៈពេល៣០ថ្ងៃ។ ក្នុងនោះក៏មានប្រព័ន្ធផ្សព្វផ្សាយវិទ្យុ នៅក្នុងខេត្តក៏បានចូលរួមផ្សព្វផ្សាយនៅតាមខេត្តនីមួយៗផងដែរ។
លោក សេង ទៀក បានគូសបញ្ជាក់ថា៖ «មានបណ្ដាញសង្គមមួយចំនួន និងយូធូបជាដើម បានផ្សព្វផ្សាយសារអំពីយុទ្ធនាការអន្ទាក់សូន្យនេះ។ ដូច្នេះ ជារួមសារ ដែលបានផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋតាមរយៈទិន្នន័យ ដែលយើងកត់ត្រា បានមានអត្ថបទព័ត៌មានជាង៣០០ អត្ថបទ និងចំណងជើងដែលបណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិ បានធ្វើការផ្សព្វផ្សាយ»។
ជាមួយគ្នានេះ លោកបានលើកឡើងថា បើតាមការវាយតម្លៃក្នុងអត្ថបទព័ត៌មានជាង ៣០០អត្ថបទនេះ បានផ្សព្វផ្សាយបញ្ជ្រាបទៅដល់ប្រជាពលរដ្ឋប្រមាណជាង៣ លាននាក់ នៅក្នុងស្រុករបស់យើង ដែលយើងបានកត់ត្រា។ តាមរយៈការផ្សព្វផ្សាយនេះ ក៏មានប្រតិកម្មត្រឡប់ពីសាធារណជនមានលក្ខណៈវិជ្ជមានច្រើន ក្នុងនោះមានប្រតិកម្មត្រឡប់តាមបណ្ដាញសង្គមនានាជាដើម។
បើតាមប្រធានអង្គការរូបនេះ សកម្មភាពធ្វើយុទ្ធនាការ៥ លើកកន្លងមកនេះ បានរៀបចំឡើងស្រដៀងគ្នា នៅតាមបណ្ដា ខេត្តនីមួយៗ។ តាមរយៈយុទ្ធនាការនេះ ក្រុមការងារ បានដាក់ឱ្យប្រើប្រាស់នូវរបាយការណ៍បច្ចេកទេសសំខាន់ៗ មួយចំនួនដូចជា៖ របាយការណ៍សត្វក្តាន់ សត្វត្មាត និងរបាយការណ៍អភិរក្សសត្វដំរី ជាដើម។ ក្រុមការងារ ក៏បានដាក់ផ្ទាំងប៉ាណូផ្សព្វផ្សាយពីយុទ្ធនាការនៅគ្រប់ខេត្តគោលដៅ និងបានរៀបចំក្បួនយុទ្ធនាការដើម្បីផ្សព្វផ្សាយពីយុទ្ធនាការតាមខេត្តនីមួយៗ ផងដែរ។
លោកបានបង្ហាញក្តីសង្ឃឹមថាតាមរយៈយុទ្ធនាការនេះនឹងមានការអប់រំផ្សព្វផ្សាយពី ផលប៉ះពាល់នៃវិបត្តិអន្ទាក់ដល់ប្រជាពលរដ្ឋ និងសហគមន៍បន្ថែមទៀត។ ចំណែកលទ្ធផលសំខាន់ដែលកើតឡើងពីយុទ្ធនាការនេះ គឺរបៀបធ្វើការរួមគ្នារវាងក្រសួងអាជ្ញាធរ និងអង្គការសង្គមស៊ីវិល។
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្តគាំទ្រពេញទំហឹងចំពោះការធ្វើយុទ្ធនាការអន្ទាក់សូន្យនេះ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា លោកនឹងភ្ជាប់យុទ្ធនាការនេះទៅក្នុងវេទិកាសាធារណៈ និងកិច្ចប្រជុំនានារបស់រដ្ឋបាលខេត្ត ក្រុង ស្រុកជារៀងរាល់កិច្ចប្រជុំនានាបន្ថែមទៀត ដើម្បីផ្សព្វផ្សាយពីសារៈសំខាន់នៃយុទ្ធនាការអន្ទាក់សូន្យនេះ។
សូមជម្រាបថា ក្រសួងបរិស្ថាន បានផ្តួចផ្តើមគំនិត និងដឹកនាំអង្គភាពពាក់ព័ន្ធអង្គការជាតិ និងអន្តរជាតិ ដៃគូធ្វើការងារលើការអភិរក្សធ្វើយុទ្ធនាការអន្ទាក់សូន្យដែលរហូតមកដល់ពេលនេះ បានធ្វើនៅភូមិសាស្ត្រខេត្តចំនួន៦ រួមមាន៖ ខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ ហើយខេត្តរតនគិរី ទើបនឹងបើកយុទ្ធនាការអន្ទាក់សូន្យនាថ្ងៃទី៤ ខែកញ្ញា៕