(ប៉ៃលិន)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តប៉ៃលិន សហការជាមួយមន្ត្រីពាណិជ្ជកម្ម ជាច្រើនរូប បានបន្តចុះណែនាំ ហើយដកហូតទំនិញ គ្មានគុណភាព និងផុតថ្ងៃបរិច្ឆេទជាច្រើន ដែលទំនិញអស់ទាំងនេះ ធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋគ្រប់រូប។ ជាក់ស្តែងនៅរសៀល ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦នេះ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្ត បានប្រាប់ភ្នាក់ងារ Fresh News ថា ទំនិញ ទាំងនេះវាបង្កឲ្យប៉ះពាល់ដល់សុខភាពពលរដ្ឋ យ៉ាងធ្ងន់ធ្ងរ ប្រសិនជាគាត់ទទួលទានទំនិញ ដែលគ្មានគុណភាពនិងផុតកាលបរិច្ឆេទ។
លោកបានបន្តថា សុខភាពរដ្ឋ គឺមានតម្លៃជាងគ្រាប់ពេជ្រទៅទៀត ហើយសុខភាពយើងមិនអាចរកទិញតាមទីផ្សារបានឡើយ។ លោកក៏បាន អំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ និងឈ្មួញ ទាំងអស់មេត្តាគិតគូ បញ្ហាសុខភាពជាធំ មិនមែនថវិកាមាសប្រាក់ធំជាង ឡើយ។ ក្នុងនោះដែរមន្ត្រីចម្រុះបានធ្វើការណែនាំ ពន្យល់ដល់អាជីវករ ដែលបានដាក់តាំងលក់មុខទំនិញទាំងអស់ធ្វើលិខិតសន្យា បញ្ឈប់លួចលាក់មុខទំនិញណាគ្មានគុណភាព និងផុតថ្ងៃបរិច្ឆេទដាក់លក់ដូរជាដាច់ខាត។
ក្នុងប្រតិបត្តិការនេះសាខាកាំកុងត្រូលខេត្ត និងមន្ត្រីជំនាញ បានប្រមូលបានមុខទំនិញ ដែលផុតកាលបរិច្ឆេទរួមមាន៖ ទឹកក្រូចដបជ័រ ៨៩ដប ទឹកក្រូចកំប៉ុង៣៨២កំប៉ុង ទឹកផ្លែឈើដបជ័រ៤២ដប ភេសជ្ជះចម្រុះ៨១កំប៉ុង ទឹកផ្លែឈើ២១កំប៉ុង កាហ្វេកំប៉ុង២៧កំប៉ុង ដុំស៊ុបខ្នរ៦០ដុំ ម៉្សៅស៊ុបរ៉ឌី៤២កញ្ចប់ ស្រាបៀខ្លាំង១៨កំប៉ុង កាហ្វេកញ្ចប់២៩កញ្ចប់ ទឹកដោះគោជូ២៧ដបតូច ទឹកម្ទេស៦ដប៕