(រតនគិរី)៖ បុគ្គលិកផ្នែកតបណ្ដាញក្រុមហ៊ុនអគ្គិសនី EPS នៅខេត្ដរតនគិរី ចំនួន៣នាក់ ឆក់ខ្សែភ្លើងពេលកំពុងបំពេញការងារ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍ឆក់ខ្សែភ្លើងនេះ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ នៅលើបង្គោលភ្លើង ត្រង់ចំណុចចុងព្រលានយន្តហោះ ផ្លូវបំបែកជាបួនទល់មុខស្ថានីយឥន្ទៈប្រេងយើង ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង។
ក្រោយកើតហេតុ រថយន្តស្ទួចបានស្ទួចយកជនរងគ្រោះទាំង៣នាក់ខាងលើ ដាក់ចុះមកក្រោម រួចដឹកតាមរថយន្តសង្គ្រោះបន្ទាន់ បញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ភ្លាមៗផងដែរ។
ជនរងគ្រោះទាំងបីនាក់នោះរួមមាន៖
*ទី១៖ ឈ្មោះ ពុធ អាយុ១៩ឆ្នាំ
*ទី២៖ ឈ្មោះ ភាព សុផលអាយុ១៨ឆ្នាំ (អ្នកទាំងពីររស់នៅខេត្តក្រចេះ)
*ទី៣៖ ឈ្មោះ សាត់ មេឃ អាយុ២០ឆ្នាំ រស់នៅខេត្តព្រៃវែង ហើយរហូតមកដល់ព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះ ពួកគាត់មានអាការៈធូរស្បើយវិញហើយ។
ជាមួយគ្នានេះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ក៏បានអញ្ជើញសួរសុខទុក្ខ បុគ្គលិកអគ្គីសនីឯកជនចំនួន៣នាក់នេះផងដែរ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២ នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។ ក្នុងឱកាសនោះ លោក ញ៉ែម សំអឿន ក៏បានផ្តល់នូវថវិកាមួយចំនួន ដល់បុគ្គលិកដែលរងគ្រោះទាំង៣នាក់ខាងលើនេះផងដែរ៕