(ភ្នំពេញ)៖ គណៈប្រតិភូក្រុងហូជីមិញ ដែលបាននិងកំពុងធ្វើទស្សនកិច្ចនៅកម្ពុជាពេលនេះ បានស្នើឱ្យរដ្ឋសភាកម្ពុជា បង្កលក្ខណៈផ្លូវច្បាប់ណាមួយ ដើម្បីសម្រួលដល់វិនិយោគិនវៀតណាម នៅក្នុងប្រទេសកម្ពុជា។
ការលើកឡើងរបស់គណៈប្រតិភូវៀតណាម ដែលដឹកនាំ លោក ឌិញ ឡាថំាង សមាជិកការិយាល័យនយោបាយ មជ្ឈឹមបក្សកុម្មុយនីសវៀតណាម និងជាលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានធ្វើឡើងបន្ទាប់ពីពួកគេបានជួបសម្តែងការគួរសម ជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦នេះ។
លោក កែវ ពិសិដ្ឋ អ្នកនាំពាក្យនៃជំនួបរវាងគណៈប្រតិភូវៀតណាម និងសម្តេច ហេង សំរិន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីជំនួបខាងលើនេះថា វៀតណាមបានសំណូមពរឱ្យរដ្ឋសភាកម្ពុជា បង្កលក្ខណៈងាយស្រួលដល់វិនិយោគិនវៀតណាម ដែលរកស៊ីស្របច្បាប់នៅកម្ពុជា ដែលទាំងនេះគឺជាស្ពានដែលរក្សាគន្លង មិត្តភាពសាមគ្គីភាព ហើយក៏ជាគោលដៅមួយ ជំរុញកំណើនសេដ្ឋកិច្ច កំណើនពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា-វៀតណាម។
លោក កែវ ពិសិដ្ឋ បានអះអាងថា នៅក្នុងជំនួបនោះ សម្តេច ហេង សំរិន បានស្វាគមន៍ចំពោះទស្សនកិច្ចរបស់ហូជីមីញ ដែលបានបង្ហាញឱ្យឃើញអំពីការរឹតបន្តឹងចំណងមិត្តភាពជាពិសេសភ្នំពេញ-ហូជីមីញ។ សម្តេច ហេង សំរិន បានគាំទ្រចំពោះទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការនៃក្រុងទាំងពីរ ដែលនាំប្រយោជន៍ដល់ប្រជាជនទាំងសង្ខាង។
សូមបញ្ជាក់ថា គណៈប្រតិភូទីក្រុងហូជីមិញ បានមកធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ស្របពេលដែលស្ថានភាពនយោបាយ នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា មានសភាពតានតឹងមួយចំនួន។ ប៉ុន្តែលោក កែវ ពិសិដ្ឋ បានអះអាងថា នៅក្នុងជំនួបនេះមិនបានលើកអំពីស្ថានភាពនយោបាយ នៅក្នុងប្រទេសកម្ពុជានោះទេ៕