(ភ្នំពេញ)៖ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ផ្ញើសាររំលែកទុក្ខចំពោះមរណភាពម្តាយក្មេក លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្ញើសារចូលរួមរំលែកទុក្ខជូនក្រុមគ្រួសារមហាឧបាសិកា ញឹម តេង ដែលជាម្តាយក្មេករបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានទទួលមរណភាព នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៖៤០នាទីរសៀល ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ មហាឧបាសិកា ញឹម តេង នៅពេលនេះ គឺជាការបាត់បង់ដ៏គួរឲ្យសោកស្ដាយបំផុតនូវបងស្រី មាតា មាតាក្មេក ជីដូន និងសាច់ញាតិដ៏ល្អ ប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់ ដែលកន្លងមក មហាឧបាសិកា ក្នុងនាមជាបងស្រី មាតា មាតាក្មេក ជីដូន បានអប់រំណែនាំ និងផ្ដល់នូវដំបូន្មានល្អៗដល់ប្អូន កូន ចៅ សាច់ញាតិ និងក្រុមគ្រួសារជាទីស្រឡាញ់ឲ្យមានការរួមរស់ក្នុងសង្គមប្រកបដោយគន្លងធម៌ គុណធម៌ និងសច្ចៈធម៌ ឲ្យខិតខំធ្វើតែអំពើល្អ និងកសាងនូវកុសលផលបុណ្យនានា ដើម្បីបុព្វហេតុ នៃការរីកចម្រើន និងសុខដុមរមនាក្នុងសង្គម។

យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខ ដោយក្ដីស្រណោះ និងសង្វេគសោកស្ដាយបំផុតជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ មហាឧបាសិកា ញឹម តេង នាពេលនេះ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធមហាឧបាសិកា ញឹម តេង សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា សពមហាឧបាសិកា ញឹម តេង ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ១ ផ្លូវលេខ៥ គម្រោងទី៥ បូរី ប៉េង ហួត ច្បារអំពៅ៕