(សៀមរាប)៖ ស្ត្រីជាម្តាយម្នាក់ទៀត មកពីខេត្តពោធិ៍សាត់ បានទ្រហោយំមិនដេកពួនអស់ជាច្រើនថ្ងៃមកហើយ ព្រោះតែកូនស្រីជាទីស្រឡាញ់របស់ខ្លួន ត្រូវបានអន្ទងឱ្យចូលទៅរស់នៅក្នុងចម្ការលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប មិនព្រមចេញមកជួបខ្លួននោះឡើយ។
ស្ត្រីជាម្តាយរូបនេះ បានអះអាងថា កូនស្រីខ្លួនព្រោះតែជឿការឃោសនារបស់លោក ខឹម វាសនា និងបក្ខពួកពីគ្រោះមហន្តរាយពិភពលោកដោយសារការរញ្ជួយដី និងទឹកជំនន់ បានរត់គេចពីកន្លែងធ្វើការមកស្នាក់នៅចម្ការមិនឱ្យម្តាយ និងក្រុមគ្រួសារដឹងនោះឡើយ។
បើតាមស្ត្រីជាម្តាយបានរៀបរាប់ប្រាប់ លោក ប៉ាន់ ខេមប៊ុនថន ជំនួយការសម្តេចតេជោ ហ៊ុន សែន ថា កូនស្រីរបស់លោកស្រីជាមនុស្សមានចរិតស្លូតបូត តែពេលនេះរូបនាងបានប្រកែកដាច់អហង្កាមិនចេញមកជួយម្តាយ។ កាត់ផ្តាច់អស់មនោសញ្ចេតនា និងការអាឡោះអាល័យទាំងរវាងម្តាយ និងកូន។
ស្ត្រីជាម្តាយ បានរៀបចំទាំងទឹកភ្នែកថា ចាប់តាំងពីកូនស្រីរត់មកស្នាក់នៅចម្ការលោក ខឹម វាសនា គាត់ទ្រហោយំរាល់ថ្ងៃ នឹកអាណិតកូនស្រី។
មកដល់ពេលនេះទោះបីលោកស្រី ប្រឹងអង្វរលួនតួយ៉ាងណា ក៏កូនស្រីមិនព្រមចេញពីចម្ការនោះឡើយ។ រូបគេនៅតែប្រកាន់មាំក្នុងការជឿរឿងគ្រោះមហន្តរាយពិភពលោក។
ជាមួយទឹកភ្នែកហូរសស្រាក់ស្ត្រីជាម្តាយ ទទូចសូមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជួយអន្តរាគមន៍ឱ្យកូនស្រីរបស់ខ្លួនបានចេញពីចម្ការត្រឡប់ទៅផ្ទះវិញ។
នេះមិនមែនជាករណីទីមួយនោះទេ។ ក្រៅតែពីស្ត្រីជាម្តាយរូបនេះ មានម្តាយឪពុក ជីដូនជីតា ស្វាមីភរិយា សាច់ញាតិជាច្រើនទៀត បានទៅស្វែងរកកូន ចៅ ភរិយាស្វាមី និងសាច់ញាតិខ្លួន ដែលលង់ជឿតាមការអូសទាញរបស់ ខឹម វាសនា និងបក្ខពួកទៅរស់នៅក្នុងចម្ការក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីគេចពីគ្រោះមហន្តរាយពិភពលោក ដែលគេបានឃោសនា និងប្រឌិតឡើង។
បើតាមលោក ទៀ សីហា អភិបាលខេត្តសៀមរាប បានឱ្យដឹងថា មានពាក្យបណ្តឹងរហូតដល់ជាង ៧០០បណ្តឹងហើយ បានប្តឹងស្វែងរកសាច់ញាតិ ដែលគេពង្វក់ និងអូសទាញឱ្យទៅនៅក្នុងចម្ការ។
ថ្ងៃទី០៥ ខែកញ្ញា នេះ ជាថ្ងៃចុងក្រោយហើយ ដែលអាជ្ញាធរតម្រូវឱ្យលោក ខឹម វាសនា រំសាយការជួបជុំមនុស្សក្នុងចម្ការដែលនៅសេសសល់ជាង ១ពាន់នាក់។ លោក ទៀ សីហា បានអះអាងថា បើមិនរំសាយទេ អាជ្ញាធរនឹងចាត់វិធានការទៅតាមអ្វីដែលជាកិច្ចព្រមព្រៀងរវាងអាជ្ញាធរ និងលោក ខឹម វាសនា៕