(ភ្នំពេញ)៖ កាលពីយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូដួលដោយខ្លួនឯង មួយបានកើតឡើងនៅតាមផ្លូវជាតិលេខ៣ ភូមិជ័យឧត្តម សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ បណ្តាលឲ្យរងរបួសធ្ងន់។
តាមសេចក្តីរាការណ៍បានឲ្យដឹងថា ជនរងគ្រោះជាស្ត្រីមានឈ្មោះ អ៊ុក សេងណារី អាយុ៤០ឆ្នាំ ជាកម្មការិនីរោងចក្រ ក្រុមហ៊ុន «មហា ហ្គាលមេន ខូលអិល ធីឌី» ក្នុងសភាពរបួសធ្ងន់សន្លប់បាត់ស្មារតី។
ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ និងក្រោយទទួលបានព័ត៌មានភ្លាម ក្រុមសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ បានចេញរថយន្តទៅជួយសង្គ្រោះបឋម រួចដឹកជនរងគ្រោះបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ។
ជាការកត់សម្គាល់ ក្រុមសង្គ្រោះបន្ទាន់៧១១ នៃកងពលតូចលេខ៧០ តែងតែចេញជួយអន្តរាគមន៍រាល់គ្រោះថ្នាក់ផ្សេងៗទាំងគ្រោះថ្នាក់ចរាចរណ៍ គ្រោះអគ្គិភ័យ គ្រោះបាក់អគារ និងគ្រោះទឹកជំនន់ជាដើម។ សម្រាប់ករណីគ្រោះថ្នាក់ចរាចរណ៍ ក្រុមជួយសង្គ្រោះ៧១១ បានចេញជួយជនរងគ្រោះស្ទើរាល់យប់ នៅពេលទទួលបានព័ត៌មានភ្លាមៗដោយមិនបានគិតការនឿយហត់ និងផលប្រយោជន៍ពីជនរងគ្រោះនោះឡើយ៕