(កំពត)៖ នៅព្រឹកថ្ងៃអាទិត្យ ទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា រួមដំណើរជាមួយលោកស្រី ហ៊ុន ម៉ាលី និងក្រុមការងារមនុស្សធម៌មួយចំនួនទៀត បានអញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន០១ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនលោក ស៊ន ណាក់ និងប្រពន្ធឈ្មោះ យឹម ឆិប រស់នៅភូមិត្រពាំងច្រនៀង ឃុំស្រែជាខាងជើង ស្រុកដងទង់ខេត្តកំពត។

ពួកគាត់ទាំងពីរនាក់ជាប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត មិនមានទ្រព្យសម្បត្តិអ្វីជាទីពឹង ហើយត្រូវចិញ្ចឹមកូនចំនួន០៣នាក់ក្នុងបន្ទុកគ្រួសារ។ សូមរំលឹកថា គ្រួសារគាត់ទទួលបានអំណោយផ្ទះទេវតានាពេលនេះ ស្របពេលលោកស្រី ហ៊ុន ម៉ាណា អញ្ជើញមកប្រគល់អណ្ដូងទឹកនៅក្នុងភូមិនេះកាលពីប៉ុន្មានខែមុន ហើយបានប្រទះឃើញផ្ទះរបស់គាត់មានសភាពចាស់ធ្លុះធ្លាយ និងជីវភាពខ្វះខាតខ្លាំង។ ដោយសេចក្តីអាណិតអាសូរ លោកជំទាវក៏សម្រេចសាងសង់ផ្ទះទេវតាមួយខ្នងជូនដល់គ្រួសារគាត់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ពិធីប្រគល់អំណោយផ្ទះនេះផងដែរ លោកស្រី ហ៊ុន ម៉ាណា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់លោកយាយ លោកតា ប្រជាពលរដ្ឋដែលបានចូលរួមនាពេលនេះ។ លោកស្រី បានបញ្ជាក់ថា សម្តេចទាំងពីរ តែងគិតគូរពីសុខទុក្ខដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

បន្ថែមលើអំណោយផ្ទះខាងលើ លោកស្រី ក៏បានផ្តល់ជូនគ្រួសារនេះនូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមទៀតផងដែរ រួមមាន សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគ ជាច្រើនមុខដូចជា៖
-អង្ករ១០០Kg, ត្រីខចំនួន១កេស, មីចំនួន៥កេស, ទឹកដោះគោខាប់ ចំនួន១កេស, ពួកចំនួន១, ប្រេងកូឡូ១ប្រអប់ធំ, ប្រេងខ្យល់១ប្រអប់ធំ ,ចានដែកចំនួន១, ឆ្នាំងតូចចំនួន១, ឆ្នាំងធំចំនួន១, ខ្ទះឆាចំនួន១, វែកឆាចំនួន១, វែកបាយចំនួន១, វែកសំឡចំនួន១, ស្លាបព្រា និងសមចំនួន១ឡូ, កំសៀវចំនួន១, ចានបាយចំនួន៥, ចានសម្លចំនួន៥, តែចំនួន១ គីឡូក្រាម , ខ្នើយចំនួន២, មុងចំនួន២, ភួយចំនួន២, កន្ទេលចំនួន២, ស្ករសចំនួន៥គីឡូក្រាមទឹកស៊ីអ៊ីវចំនួន៣យួរ, វិទ្យុFM12 ចំនួន១គ្រឿង, ថ្មដាក់វិទ្យុចំនួន២ ស្បែកជើងចំនួន២គូរ, ថ្នាំ នឹងច្រាសដុសធ្មេញចំនួន៥ឈុត, សាប៊ូដុំចំនួន១២ដុំតូច, ថ្នាំពេទ្យចំនួន៥ប្រអប់តូច, ខោអាវលោកយាយចំនួន២កំប្លេរ, ខោអាវលោកតាចំនួន២កំប្លេ, និងថវិកាចំនួន៥០ម៉ឺនរៀល។

បន្ទាប់មកនៅព្រឹកនេះដដែល លោកស្រី ក៏បានអញ្ជើញដឹកនាំក្រុមការងារប្រគល់អំណោយអណ្ដូងទឹកស្អាតចំនួន០៣ដល់ប្រជាពលរដ្ឋក្នុងស្រុកដងទង់ខេត្តកំពត។ អណ្ដូងទឹកដែលមានលេខរៀងពី ១០៥ ដល់១០៧ នេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកដងទង់ខេត្តកំពតបានប្រើប្រាស់តាមតម្រូវការ ជាពិសេសតំបន់នេះ ពេលរដូវប្រាំងតែងតែមានការខ្វះខាតទឹកជាប្រចាំ។

នៅក្នុងពិធីប្រគល់អណ្ដូងទឹកនេះ នៅតាមទីតាំងអណ្ដូងទឹកនីមួយៗលោកស្រី ហ៊ុន ម៉ាណា បានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទទួលអាស្រ័យផលអណ្ដូងទឹកនេះ ព្រមទាំងបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ ជាពិសេសតាមរយៈការផ្ដល់អំណោយជាអណ្តូងទឹកនេះ ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងការខ្វះខាតទឹកប្រើប្រាស់ នារដូវប្រាំងនេះ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។

នាឱកាសនោះ លោកស្រី ក៏បានចែកជូននូវអំណោយកំដរដៃរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមអបអរសាទរនៅក្នុងពិធីប្រគល់អណ្ដូងទឹកទាំង០៣ទីតាំងក្នុងបរិយាកាសរីករាយបំផុត៕