(ភ្នំពេញ)៖ តាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា ដែលអង្គភាព Fresh News ទើបទទួលបានមុននេះបន្តិចនារសៀលថ្ងៃទី០២ ខែមិថុនានេះបានឲ្យដឹងថា ក្រសួងការបរទេសកម្ពុជា «មានការភ្ញាក់ផ្អើល និងសោកស្តាយចំពោះការជ្រៀតជ្រែកចូលកិច្ចផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យមួយ ដែលគ្រាន់តែអនុវត្តវិធាន និងនីតិវិធីផ្លូវច្បាប់ និងតុលាការ»។ ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា «វាជារឿងមិនសមហេតុផលទាល់តែសោះ»។
ការចេញសេចក្តីប្រកាសបែបនេះធ្វើឡើង បន្ទាប់ពីសំណាក់បេសកកម្មស្ថានទូតមួយចំនួន បានលើកឡើងថា មានការធ្វើទុក្ខបុកម្នេញខាងផ្លូវតុលាការ ទៅលើអ្នកនយោបាយ។
* ប្រតិកម្មខាងលើនេះ បានបង្ហាញឲ្យឃើញពីការមិនយល់ ឬការមិនចង់យល់អំពីវិធាននៃការអនុវត្តក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
* ការសូកប៉ាន់សាក្សី ត្រូវបានផ្តន្ទាទោសនៅក្នុងប្រទេសប្រជាធិបតេយ្យទាំងអស់ ហើយជាពិសេសនៅក្នុងប្រទេសសមាជិក នៃសហភាពអឺរ៉ុប។ ការផ្តន្ទាទោសនេះ ក៏មានដូចគ្នានៅប្រទេសកម្ពុជាដែរ។
* ការបដិសេធមិនចូលខ្លួនមកឆ្លើយបំភ្លឺតាមការកោះហៅរបស់តំណាងអយ្យការ អាចត្រូវបានផ្តន្ទាទោស នៅក្នុងប្រទេសប្រជាធិបតេយ្យទាំងអស់ ជាពិសេសរដ្ឋសមាជិកទាំងអស់ នៃសហភាពអឺរ៉ុប។ នៅប្រទេសកម្ពុជាក៏មានដូចយ៉ាងនេះដែរ។
ក្រសួងការបរទេស បានបង្ហាញចំណុចចំនួន៣ ដែលពាក់ព័ន្ធនឹងបញ្ហានេះ ដូចមាននៅក្នុងសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោមនេះ៖