(កំពង់ឆ្នាំង)៖ ព្រះពុទ្ធបដិមាប្រាក់មួយអង្គមានកម្ពស់ជាង៦តឹក និងមានទម្ងន់ជាង២៧គីឡូ ជាសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់ជាតិ មិនអាចកាត់តម្លៃបាន ត្រូវបានធ្វើមាតុនិវត្តន៍ និមន្តដង្ហែមកពីប្រទេសថៃ មកតម្កល់ទុកគោរពបូជានៅក្នុងវត្តច័ន្ទប្បជោត្តនារាម ហៅវត្តតាសុត ជិតវត្តក្រាំងលាវ ស្ថិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ពិធីខាងលើនេះធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការនិមន្តយាងចូលរួមពីសម្ដេចព្រះឧត្តមបញ្ញា ដួង ផង់, ព្រះមេគុណខេត្ត សុខ ថាន, ព្រះគ្រូ សុន ចាន់វីរៈ ច័ន្ទមុនី ចៅអធិការវត្តតាសុត, លោក នរៈរតនវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត, លោកស្រី ប៊ន សុភី អភិបាលរងខេត្ត និងមានការនិមន្តចូលរួមពីមន្ត្រីសង្ឃគ្រប់ឋានានុក្រម មន្ត្រីរាជការជុំវិញស្រុក និងខេត្ត រួមទាំងប្រជាពលរដ្ឋ និងពុទ្ធបរិស័ទជាច្រើនរយនាក់ផងដែរ។
នៅក្នុងពិធីនេះលោកស្រី ប៊ន សុភី បានថ្លែងឲ្យដឹងថា ព្រះអង្គបដិមាកសាងឡើងអំពីប្រាក់ នៅចុងរជ្ឋកាលព្រះបាទនរោត្តម ដែលមានអាយុកាលពី១០០ទៅ១៣០ឆ្នាំ។ កាលដើមឡើយ ព្រះអង្គបដិមាបូរាណអង្គនេះ ស្ថិតនៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។ នៅក្នុងអំឡុងឆ្នាំ១៩៨៩ ត្រូវបានជនទុច្ចរិតកាត់យកចេញពីបល្ល័ង ខ្វេះព្រះនេតជាត្បូងមានតម្លៃទាំងគូ យកទៅលក់ឲ្យឈ្មួញវត្ថុបូរាណតៗគ្នាជាបន្ត រហូតជាចុងក្រោយ គឺស្ថិតនៅទីក្រុងបាងកក ប្រទេសថៃ។
នៅក្នុងអំឡុង ខែកក្កដា ឆ្នាំ២០២២ ក្រោយពីបានទទួលដំណឹងអំពីព្រះអង្គបដិមាប្រាក់បូរាណដ៏មានតម្លៃ ដែលជាសម្បត្តិវប្បធម៌របស់ជាតិ ព្រះគ្រូចៅអធិការវត្តតាសុត បានសហការជាមួយមន្ទីរវប្បធម៌ខេត្ត និងនាយកដ្ឋានបេតិកភណ្ឌក្រសួងវប្បធម៌ បានទៅទំនាក់ទំនងជាមួយម្ចាស់ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ។ បន្ទាប់មកអ្នកមានសទ្ធាខ្មែរ ក៏បានសុំជាវពីគេក្នុងតម្លៃ ៥៥ម៉ឺនបាត្រ និមន្តមាតុនិវត្តន៍មកកាន់មាតុប្រទេសវិញ។
ដោយឡែក ការប្រារព្ធធ្វើពិធីមាតុនិវត្តន៍ព្រះពុទ្ធបដិមាបូរាណដ៏មានតម្លៃ យកមកតម្កល់ទុកគោរពបូជានៅក្នុងវត្តតាសុត ដែលស្ថិតនៅចម្ងាយប្រមាណជា១គីឡូម៉ែត្រពីវត្តក្រាំងលាវ ដែលជាវត្តប្រវត្តិសាស្រ្តសម័យបារាំង ស្ថិតក្នុងស្រុករលាប្អៀរ។
លោក នរៈរតនវឌ្ឃនោ បានថ្លែងថា បុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ នឹងចូលមកដល់ក្នុងពេលឆាប់ខាងមុខនេះហើយ ដូច្នេះគណៈកម្មការអាចារ្យវត្ត និងព្រះគ្រូចៅអធិការវត្ត ត្រូវរៀបចំទីវត្តអារាមឱ្យបានល្អ ដើម្បីទទួលពុទ្ធបរិស័ទ មកធ្វើបុណ្យទៀនទៅតាមប្រពៃណីជាតិ៕