(ភ្នំពេញ)៖ ថ្ងៃទី០៥ ខែកញ្ញា ស្អែកនេះ ជាថ្ងៃកំណត់ដែលលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យសន្យារំសាយការជួបជុំរបស់ខ្លួននៅលើដីចម្ការក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ប៉ុន្តែបើមិនរំសាយទេនោះ អាជ្ញាធរនឹងចាត់វិធានការទៅតាមអ្វីដែលបានសន្យា។
លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រលប់ថ្ងៃអាទិត្យ ទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះថា មកដល់ព្រលប់ថ្ងៃនេះប្រជាពលរដ្ឋដែលបានទៅប្រមូលផ្តុំនៅចម្ការរបស់លោក ខឹម វាសនា នៅសល់តែជាង ១ពាន់នាក់ទៀតប៉ុណ្ណោះ ក្រៅពីនោះបានរំសាយអស់ហើយ។
ក្នុងជំនួបជាមួយអាជ្ញាធរ និងសមត្ថកិច្ចកាលពីថ្ងៃម្សិលមិញនេះ លោក ខឹម វាសនា បានសន្យារំសាយការជួបជុំរបស់ខ្លួននៅត្រឹមថ្ងៃទី០៥ ខែកញ្ញា។ ឆ្លើយនឹងសំណួរថា ប្រសិនបើមិនមានការរំសាយដូចការសន្យាទេនោះ តើអាជ្ញាធរនឹងដោះស្រាយយ៉ាងណា?
លោក ទៀ សីហា បានគូសបញ្ជាក់ថា ប្រសិនបើមិនរំសាយទេ អាជ្ញាធរនឹងចាត់វិធានការទៅតាមអ្វីដែលបានសន្យា។ លោកអភិបាលខេត្ត បានបញ្ជាក់ដូច្នេះ «បើមិនព្រមយើងនឹងអនុវត្តន៍វិធានការតាមកិច្ចសន្យារបស់យើង»។
លោកអភិបាលខេត្តសៀមរាប បានឱ្យដឹងផងដែរថា មកដល់ពេលនេះអាជ្ញាធរទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋដែលបានទៅកូន ស្វាមីភរិយា និងសាច់ញាតិនៅក្នុងចម្ការមានប្រមាណ ៧៤ពាក្យបណ្តឹងហើយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែសីហា កន្លងទៅថ្មីនេះ មានចលនាបំផុសបំផុលមនុស្សឱ្យទៅស្នាក់នៅជុំគ្នានៅដីចម្ការរបស់លោក ខឹម វាសនា ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមការសាបព្រោះពាក្យចចាមអារ៉ាមមានគ្រោះរញ្ជួញដី និងទឹកលិចលង់ពិភពលោកជាដើម។
ប្រជាពលរដ្ឋមានជំនឿលើការឃោសនាគ្រប់រាជធានីខេត្ត រួមទាំងពលករបម្រើការក្រៅប្រទេសរួមមានកូរ៉េខាងត្បូង ជប៉ុន និងថៃផង បានចាកចេញពីលំនៅឋាន ចាកចេញពីកន្លែងការងារ សម្រុកទៅរស់នៅក្នុងចម្ការ ដែលគេឃោសនាថាជាទីតាំងតែមួយគត់គេចផុតពីគ្រោះមហន្តរាយពិភពលោក។
ប្រជាពលរដ្ឋមានជំនឿដែលបានទៅប្រមូលផ្តុំត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនជាង ១ម៉ឺននាក់។ ប្រជាពលរដ្ឋដែលទៅទីនោះ ខ្លះទៅទាំងគ្រួសារ គ្រួសារខ្លះទៅស្វាមី គ្រួសារខ្លះទៅតែភរិយា ដោយបានប្រមូលទ្រព្យសម្បត្តិទៅជាមួយផង។ ខ្លះទៀតក៏បានលក់ទ្រព្យសម្បត្តិឡៃឡុងយកលុយទៅតាមខ្លួនថែមទៀតផង។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានអះអាងថា ការប្រមូលផ្តុំគ្នានេះ លោក ខឹម វាសនា និងបក្ខពួកអាចប្រមូលថវិកាពីអ្នកទៅចូលរួមនោះខ្ទង់លានដុល្លារ។ ការប្រមូលលុយនេះ ដោយសារអ្នកចូលរួមចាត់ទុកថាជាការថ្វាយចំពោះលោក ខឹម វាសនា ដែលបានតាំងខ្លួនជាអាទិភាពព្រហ្មរក្សាលោក និងមួយវិញទៀត ពួកគាត់គិតថាគ្រោះមហន្តរាយពិភពលោកមកដល់ពួកគាត់គ្មានឱកាសចាយលុយនោះទៀតនោះទេ។
ក្នុងព្រឹត្តិការណ៍ប្រមូលផ្តុំនេះ មានប្រជាពលរដ្ឋជាច្រើន បានទៅដាក់ពាក្យបណ្តឹងស្វែងរកកូនចៅ ក្រុមគ្រួសារ និងសាច់ញាតិរបស់ពួកគេផងដែរ។ ក្រុមគ្រួសារដែលបានទៅរកកូន ក្រុមគ្រួសារ និងសាច់ញាតិ បានស្រែកទ្រហោយំដ៏សែនសង្វេគជាទីបំផុត ចំពោះការព្រាត់ប្រាស់កូន ក្រុមគ្រួសារ សាច់ញាតិ ព្រោះតែការអូសទាញ និងការបំភិតបំភ័យពីគ្រោះថ្នាក់សម្រាប់អាយុជីវិត។
ក្រុមអ្នកតាមដានសង្គមបានមើលឃើញថា ក្រោយពីការរំសាយនេះទៅ នឹងបន្សល់ទុកនូវផលលំបាកមួយចំនួនសម្រាប់ប្រជាពលរដ្ឋដែលបានជឿតាមការឃោសនា។ ផលលំបាកនោះ មានដូចជាការបាត់បង់ទ្រព្យសម្បត្តិ ខូចខាតអាជីវកម្ម និងបាត់បង់ការងារជាដើម។ កត្តាទាំងនេះ នឹងធ្វើឱ្យអ្នកជឿតាមការអូសទាញប្រឈមផលលំបាកជាច្រើនក្នុងជីវភាពរបស់ពួកគេ។
ក្រុមអ្នកច្បាប់ ក្រុមអ្នកតាមដានបញ្ហាសង្គម បានលើកឡើងថា បញ្ហានេះមិនត្រូវបញ្ចប់ត្រឹមការរំសាយនោះឡើយ អាជ្ញាធរ និងសមត្ថកិច្ច ត្រូវតែពិនិត្យទិដ្ឋភាពច្បាប់ និងចាត់វិធានការច្បាប់ចំពោះក្រុមជនដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង ព្រោះវាជាអំពើបោកប្រាក់ទ្រង់ទ្រាយធំមួយនៅក្នុងសង្គម៕