(កោះកុង)៖ លោក ប៊ុន លើត អភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងពីធីខួបលើកទី៦៧ នៃទិវាកុមារអន្ដរជាតិ១មិថុនា និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦។
ក្នុងឱកាសនេះដែរ លោក ប៊ុន លើត អភិបាលខេត្ត ក៏បានអាននូវសារលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសខួបលើកទី៦៧ទិវាកុមារអន្តរជាតិ១មិថុនា និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ដើម្បីអ្នកចូលរួមនិងសិស្សានុសិស្សសណ្តាប់ទាំងស្រុងនូវខ្លឹមសាររបស់សម្តេចតេជោ។
លោកអភិបាល បានផ្តាំផ្ញើប្អូនៗ ក្មួយៗ ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សា ហើយត្រូវចេះបង្កើនធនធានមនុស្សដោយខ្លួនឯង ព្រោះយើងជាយុវវ័យជាសសរទ្រូងនៃប្រទេសជាតិទៅថ្ងៃមុខ ហើយត្រូវជៀសឲ្យផុតពីគ្រឿងញៀន ត្រូវចេះស្រលាញ់ការសិក្សា ស្រលាញ់គ្រួសារ ស្រលាញ់ខ្លួនឯង។
ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រី មិថុនា ភូថង អភិបាលរងខេត្តកោះកុង និងជាប្រធានសហភាពសហព័ន្ធប្រចាំខេត្តកោះកុង ព្រមទាំងមន្ត្រីរាជការ សិស្សានុសិស្សជាច្រើននាក់ផងដែរ។
លោកស្រី មិថុនា ភូថង បានលើកឡើងថា «ថ្ងៃនេះ ជាថ្ងៃដែលយើងត្រូវធ្វើការប្រឆាំងពលកម្មកុមារមិនឱ្យកើតមាននៅក្នុងប្រទេសលើពិភពលោក» ហើយក្នុងនាមគណៈកម្មការរៀបចំទិវាកុមារអន្តរជាតិ១មិថុនា លោកស្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រ ការយកចិត្តទុកដាក់ ដល់កុមារា-កុមារី ពីបងប្អូនជនរួមជាតិទាំងឡាយ។
លោកស្រី ក៏សូមឱ្យបងប្អូនត្រូវចងចាំនូវប្រវត្តិសាស្រ្ត ឧក្រិដ្ឋកម្មមនុស្សជាតិដ៏សាហាវយង់ឃ្នង ទៅកុមារជាពិសេស ការកាប់ស្លាប់យ៉ាងរង្គាលនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រោមរបបគ្រប់គ្រងយ៉ាងព្រៃផ្សៃនៃរបបប្រល័យពូជសាសន៍ ប៉ុលពត ក្នុងចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ និងយើងត្រូវយល់ពីតម្លៃនៃសន្តិភាព ព្រោះភាពសន្តិភាពបានផ្តល់សិទ្ធិសេរីភាព ដល់យើងគ្រប់ៗគ្នា ហើយធ្វើឱ្យមនុស្សបង្កើតធនធានមនុស្ស ដោយខ្លួនឯងបានច្រើន ជាពិសេសកុមារ ព្រោះកុមារជាសសរទ្រូងនៃប្រទេសជាតិទៅថ្ងៃអនាគត៕