(ភ្នំពេញ)៖ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងសមាជិកអមដំណើរ នៅល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញទៅធ្វើទស្សនកិច្ចផ្លូវការ នៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ប្រទេសវៀតណាម។

ដំណើរទស្សនកិច្ចនេះ នឹងធ្វើឡើងជិត១សប្តាហ៍ ដោយចាប់ថ្ងៃចាប់ពីថ្ងៃទី៤ ដល់ទី៨ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាងទីក្រុងនិងទីក្រុង ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ពិសេសលើ វិស័យបរិស្ថាន សំរាម អប់រំ ទេសចរណ៍ បណ្តុះបណ្តាលនិងវិស័យសុខាភិបាលជាដើម។

ចំពោះកម្មវិធីដែលបានព្រាងទុក លោក ឃួង នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីហាណូយ និងទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយចាប់ពីថ្ងៃទី៤-៨ ខែកញ្ញា ឆ្នាំ២០២២ ។ ក្នុងនោះ គណៈប្រតិភូ នឹងអញ្ជើញចេញដំណើរពីរាជធានីភ្នំពេញឆ្ពោះទៅកាន់រដ្ឋធានីហាណូយ អញ្ជើញទៅកាន់ស្ថានីយប្រព្រឹត្តកម្មសំណល់រឹងណាំសឺន រួចបន្តទៅរោងចក្រ បាក់ធាងឡុង-វ៉ាន់ទ្រី គ្រប់គ្រងសំណល់រឹង និងរាវ។

គណៈប្រតិភូបន្តដំណើរទៅកាន់មន្ទីរគណៈកម្មាធិការគណបក្សរដ្ឋធានីហាណូយ ជួបសម្តែងការគួរសមជាមួយប្រមុខរដ្ឋនៃសាធារណរដ្ឋសង្គមនិយម វៀតណាម និងបន្តទៅកាន់ វិមានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ គណៈប្រតិភូក៏នឹងអញ្ជើញ ទៅចូលរួមកម្មវិធីពិព័រណ៍ទេសចរណ៍ទីក្រុងហូជីមិញ បន្តបន្ទាប់មកទៀត គណៈប្រតិភូចូលរួមកម្មវិធីកាត់ខ្សែបូបើកកម្មវិធីពិព័រណ៍ទេសចរណ៍ទីក្រុងហូជីមិញ ហើយនៅថ្ងៃ០៨ ខែកញ្ញា ដែលជាថ្ងៃចុងក្រោយ គណៈប្រតិភូនឹងអញ្ជើញមាតុភូមិនិវត្តន៍៕