(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាង១០នាក់ ដែលអះអាងថា រងប៉ះពាល់ដោយគម្រោង អភិវឌ្ឍន៍ជ្រោយចង្វារ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦នេះ បានលើកគ្នាទៅដាក់ញតិ្ត នៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីសុំអន្តរាគមន៍ដោះស្រាយសំណង គោលនយោបាយដីធ្លី របស់ពួកគាត់ នៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ។
បន្ទាប់ពីតំណាងក្រសួងរៀបចំដែនដី ចេញមកទទួលញត្តិរួចរាល់ ប្រជាពលរដ្ឋទាំងនោះ បានត្រឡប់ទៅលំនៅស្ថានរៀងៗខ្លួនវិញ។
ពាក់ព័ន្ធនឹងការសុំអន្តរាគមន៍នេះ អាជ្ញាធរសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា អាជ្ញាធរបាននិងកំពុងដោះស្រាយបញ្ហានេះ យ៉ាងយកចិត្តទុកដាក់បំផុត និងតម្កល់ផលប្រយោជន៍ របស់ប្រជាពលរដ្ឋជាធំ។
មន្ត្រីសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ការអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារនេះ គឺមិនមានប៉ះពាល់ដល់ផ្ទះសំបែងរបស់ ប្រជាពលរដ្ឋនោះឡើយ ប៉ះពាល់តែជាមួយដីមួយចំនួន របស់ឧកញ៉ា ឬអ្នកមានលុយមួយចំនួន ដែលទិញដីបង្កកទុកលក់ យកចំណេញប៉ុណ្ណោះ ហើយម្ចាស់ដីភាគច្រើន ជាអ្នករស់នៅក្រៅមូលដ្ឋាន មិនមែនជាប្រជាពលរដ្ឋ រស់ក្នុងមូលដ្ឋានឡើយ។
មន្ត្រីដដែលបញ្ជាក់ទៀថា ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន សាលារាជធានីភ្នំពេញ មានគោលការណ៍ច្បាស់លាស់ ដោយធ្វើការចុះវាស់វែងខ្វៀលដី ផ្ទះសំបែងរបស់ពួកគាត់ ចេញពីតំបន់អភិវឌ្ឍន៍។ នៅពេលនេះ អាជ្ញាធរចាប់ផ្តើមវាស់វែង និងផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ ជូនដល់បងប្អូនប្រជាពលរដ្ឋហើយ ដោយចាប់ផ្តើមវាស់វែងចេញពី សង្កាត់ព្រែកតាសេកមុនគេ បន្ទាប់ពីបញ្ចប់នៅសង្កាត់នេះ អាជ្ញាធរនឹងបន្តវាស់វែងនៅ សង្កាត់ជ្រោយចង្វារ និងសង្កាត់ព្រែលៀបបន្តទៀត។
ជាក់ស្តែងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានអញ្ជើញចុះសំណេះ សំណាលសាកសួរសុខទុក្ខ និងផ្សព្វផ្សាយពីនីតិវិធី ឯកសារពាក់ពន្ធ័ ជូនប្រជាពលរដ្ឋ១៥០គ្រួសារ ក្នុងណោម៣៨៤គ្រួសារ មកពីភូមិដើមគរ និងព្រែកតាសេក ក្នុងសង្កាត់ព្រែកតាសេក ដើម្បីឲ្យប្រជាពលរដ្ឋត្រៀមខ្លួន សហការជាមួយនឹងមន្ត្រីសូរិយោដី ចុះវាយវែងផ្តល់ប័ណ្ណកម្មសិទ្ធិ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦។
សូមជម្រាបថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ លោកអភិបាលខណ្ឌជ្រោយចង្វារ ចេញសេចក្តីជូនដំណឹង ស្តីពីការចុះប្រមូលទិន្នន័យ វាស់វែងបំពេញសលាកប័ត្រក្បាលដី ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋភូមិចាស់ និងទីតាំងដីស្ថិតនៅក្នុងបរិវេណ១០០ម៉ែត្រ ពីអ័ក្សផ្លូវជាតិលេខ៦ ព្រមទាំងផ្លូវទន្លេសាប។ ប្រជាពលរដ្ឋដែលត្រូវវាស់វែងដីធ្លីខ្វៀល ចេញពីតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ មាន៣សង្កាត់ គឺសង្កាត់ជ្រោយចង្វារ សង្កាត់ព្រែកលៀប និងសង្កាត់ព្រែកតាសែក។ ការវាយវែងជំហ៊ានដំបូង គឺចាប់ផ្តើមអនុវត្ត នៅសង្កាត់ព្រែកតាសេកមុនគេ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦។
ជាមួយនឹងការអភិវឌ្ឍន៍នេះ សាលារាជធានីភ្នំពេញ បាននិងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធលូជាដើម ដើម្បីសម្រួលដល់ការរស់នៅជាប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ ឲ្យមានភាពងាយស្រួល។ ពិសេសអាជ្ញាធរកំពុងពន្លឿន នូវការស្ថាបនាផ្លូវ១០០ម៉ែត្រ ចេញពីអក្សផ្លូវជាតិលេខ៦A ប្រវែងជាង៦គីឡូម៉ែត្រ ជាមួយនឹងប្រព័ន្ធលូ ដើម្បីកុំឲ្យបានការលិចលង់នៅ រដូវវស្សានេះ។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ កាលរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ បានដឹកនាំក្រុមការងារចុះពិនិត្យ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងសាងសង់សំណង់នានា នៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ ដោយបានថ្លែងកោតសរសើរចំពោះក្រុមហ៊ុន OCIC សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ជាមួយនឹងការដាក់បណ្តាញលូរ បង្ហូរទឹកយ៉ាងត្រឹមត្រូវ និងតែងតែយកចិត្តទុកដាក់ដោះស្រាយ បញ្ហាផលប៉ះពាល់ ជាមួយប្រជាពលរដ្ឋ ប្រកបស្មារតីទទួលខុសត្រូខ្ពស់។
លោក ប៉ា សុជាតិវង្ស ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ កុំព្រួយបារម្ភចំពោះការអភិវឌ្ឍន៍នេះរដ្ឋបាល រាជធានីភ្នំពេញ នឹងបន្តដោះស្រាយការងារនេះ ដោយមិនឲ្យប្រជាពលរដ្ឋខាតបង់នោះឡើយ គឺមានតែចំណេញ៕