(កណ្តាល)៖ តំណាងអតីតសិស្សមធ្យមសិក្សាកំរិត១ កំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល នៅអំឡុងឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៨ លោក ឈុន ហួរ បានលើកឡើងថា វិស័យអប់រំ នៅក្នុងប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង បើធៀបនឹងពេលអតីតកាល ពោលគឺអំឡុងពេលកម្ពុជា ទើបរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោក ឈុន ហួរ ដែលបច្ចុប្បន្នបម្រើការងារ នៅបញ្ជាការដ្ឋានកងអង្គរក្ស បានមានប្រសាសន៍ថា វិស័យអប់រំបច្ចុប្បន្ន មានការអភិវឌ្ឍទាំងហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ និងផ្នែករឹង ពោលគឺមានអគារសិក្សាល្អស្អាត និងកម្មវិធីសិក្សាយ៉ាងសម្បូរបែប ព្រមជាមួយគ្នានោះ មានផ្លូវធ្វើល្អងាយស្រួល ក្នុងការធ្វើដំណើរទៅសិក្សាផងដែរ។

ការលើកឡើងនេះ លោក ឈុន ហួរ បានធ្វើឡើងនាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ ក្នុងពិធីជួបជុំមហាមិត្ត អតីតសិស្សមធ្យមសិក្សាកំរិត១ កំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។

លោកថា ការជួបជុំនេះ ធ្វើឡើងក្នុងគោលបំណង បង្ហាញការដឹងគុណដល់លោកគ្រូ-អ្នកគ្រូ ដែលធ្លាប់បានបង្រៀននាពេលកន្លងមក និងដើម្បីបង្កើនមិត្តភាព និងការរាប់អាន ព្រមទាំងអាចជួយទុក្ខធុរៈគ្នាទៅវិញទៅមក នៅពេលមានអាសន្នផងដែរ ខណៈបានបែកគ្នាអស់រយៈពេលជាង៣០ឆ្នាំ។

«ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រទេសជាតិ មានការអភិវឌ្ឍយ៉ាងខ្លាំង, និយាយតែវិស័យអប់រំ នៅជំនាន់ខ្ញុំរៀន មិនមានអគារសិក្សាល្អៗនោះទេ ហើយសូម្បីតែស្បែកជើង ក៏មិនមានពាក់ដែរ ចំពោះសម្លៀកបំពាក់វិញ ក៏មិនមានស្អាតបាតដែរ, ប៉ុន្តែបច្ចុប្បន្ននេះ មានការអភិវឌ្ឍដាច់ឆ្ងាយណាស់ ក្មេងៗជំនាន់នេះ មានភាពងាយស្រួល នៅក្នុងការសិក្សា»។ នេះបើតាមការលើកឡើងរបស់លោក ឈុន ហួរ។

នៅក្នុងឱកាសនោះដែរ លោក ឈុន ហួរ បានអំពាវនាវដល់សិស្ស និស្សិតនៅជំនាន់បច្ចុប្បន្ន ត្រូវខិតខំប្រឹងប្រែង ក្នុងការរៀនសូត្រ និងត្រូវចេះរួមសាមគ្គី ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ទៀត ស្របពេលដែលប្រទេសជាតិ មានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍ។

សូមជម្រាបជូនថា វិស័យអប់រំ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិ៍ភាពទាំង៤ នៃគោលដៅជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសជាតិ៕