(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខជូនក្រុមគ្រួសារមហាឧបាសិកា ញឹម តេង ដែលជាម្តាយក្មេករបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានទទួលមរណភាព នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៖៤០នាទីរសៀល ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយរោគាពាធ។

សាររំលែកទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖

«លោកជំទាវកិតិ្តសង្គហបណ្ឌិត ជាទីរាប់អាន

ខ្ញុំ និងភរិយាទើបទទួលដំណឹងដ៏ក្រៀមក្រំ អំពីការទទួលមរណភាពរបស់មហាឧបាសិកា ញឹម តង ត្រូវជាម្តាយក្មេករបស់លោកជំទាវ នាវេលាម៉ោង ១:៤០នាទីរសៀល នៅថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំ ខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយាសូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យ ចំពោះការបាត់បង់ម្តាយ ជីដូន និងជីដូនទួត ជាទីគោរពស្រឡាញ់បំផុត ប្រកបទៅដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅចំពោះកូនៗ ចៅៗ និងចៅទួតទាំងអស់។

ទោះបីរូបកាយរបស់ មហាឧបាសិកា ញឹម តេង បានបាត់បង់ទៅមែនពិត ប៉ុន្តែអំពើជាកុសល កិត្តិយស សេចក្ដីថ្លៃថ្នូរ នឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្ដកូន ចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។

ខ្ញុំ និងភរិយាសូមឧទ្ទិសបួងសួងដល់ ដួងវិញ្ញាណក្ខន្ធមហាឧបាសិកា ញឹម តេង សូមឆាប់បាន ចាប់កំណើតកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមលោកជំទាវកិត្តិសង្គហបណ្ឌិត ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំពីខ្ញុំ និងភរិយា»។

សូមជម្រាបថា សពមហាឧបាសិកា ញឹម តេង ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ១ ផ្លូវលេខ៥ គម្រោងទី៥ បូរី ប៉េង ហួត ច្បារអំពៅ៕