(ភ្នំពេញ)៖ ឆ្លើយតបនឹងករណីសមាជិកគណៈមេធាវីជិត១០០នាក់ ផ្តិតមេដៃស្នើសុំកុំឲ្យមានការឃុំខ្លួនលោក ពេជ រតនា ត្រូវបានលោក ឱម យ៉ិនទៀង ប្រមុខដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងបញ្ជាក់ប្រាប់អង្គភាព Fresh News វិញថា «មេធាវីជាសសរមួយ របស់ច្បាប់មុនធ្វើអ្វីត្រូវគិតដល់ច្បាប់ជាធំ»។
ការថ្លែងឆ្លើយតបរបស់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបែបនេះ ធ្វើឡើងបន្ទាប់ពីមានសមាជិកគណៈមេធាវី កម្ពុជាជិត១០០នាក់ បានផ្តិតមេដៃស្នើសុំកុំឲ្យមានការឃុំខ្លួនលោក ពេជ រតនា ដែលត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំង អំពើពុករលួយ ពាក់ព័ន្ធនឹងអំពើពុករលួយ។
មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងបញ្ជាក់ឲ្យដឹងថា នៅពេលនេះមេធាវីប្រមាណ៩០នាក់ បានផ្តិតមេដៃរួចហើយ នឹងបន្តផ្តិត មេដៃបន្ថែមទៀត នៅវេលាម៉ោងប្រមាណ២រសៀលថ្ងៃទី០២ ខែមិថុនានេះ។
ករណីលោកមេធាវី ពេជ រតនា ត្រូវបានលោកព្រះរាជអាជ្ញារង ងិន ពេជ្រ ជាកាន់សំណុំរឿង។
សូមជំរាបថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួន លោកមេធាវី ពេជ រតនា នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ ពាក់ព័ន្ធនឹងអំពើពុករលួយ ហើយបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែមិថុនានេះ។
លោកមេធាវី ពេជ រតនា ជាមេធាវីម្នាក់ នៅក្នុងគណៈមេធាវីកម្ពុជា ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំង អំពើពុករលួយនាំខ្លួនពីចំណត ពហុកីឡដ្ឋានជាតិអូឡាំពិក នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ភ្លាមៗបន្ទាប់ពីលោកចេញពីសាលាដំបូងរាជធានីភ្នំពេញ ហើយដើរទៅកាន់រថយន្តរបស់លោក៕
ខាងក្រោមនេះជារូបភាពមេធាវី ដែលរង់ចំាចូលផ្តិតមេដៃ