(ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦នេះ ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីស្រាវជ្រាវ និងធ្វើកោសល្យវិច្ឆ័យ លើស្នាមមេដៃប្រជាពលរដ្ឋ លើផ្តិតលើញតិ្តរបស់គណបក្សសង្គ្រោះជាតិ ដែលដាក់ថ្វាយ ព្រះមហាក្សត្រ នេះបើយោងតាមសេចក្តីសម្រេច របស់ក្រសួងមហាផ្ទៃ ដែលអង្គភាព Fresh News ទើបទទួលបាននៅមុននេះបន្តិច។

នៅក្នុងសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខា ដោយសម្តេចក្រឡាហោម ស ខេង បានសម្រេច បង្កើតគណៈកម្មការនេះ ដោយមាននាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាប្រធាន និង មន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។

ការចេញសេចក្តីសម្រេច បង្កើតគណៈកម្មការនេះ ធ្វើឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រគល់ភារកិច្ច ជូនសម្តេចក្រឡាហោម ស ខេង ដើម្បីធ្វើការស្រាវជ្រាវ និងធ្វើកោសល្យវិច្ឆ័យ លើស្នាមមេដៃរបស់ប្រជាពលរដ្ឋ ដែលផ្តិតដាក់ថ្វាយព្រះមហាក្សត្រ កាលពីចុងខែឧសភា ឆ្នាំ២០១៦។

សូមបញ្ជាក់ថា មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយរូបបានទម្លាយអាថ៌កំបាំង ប្រាប់អង្គភាពព័ត៌មាន Fresh News ថា តាមរបាយការណ៍ពីមូលដ្ឋាន និងការពិនិត្យជាបឋមរបស់ព្រះបរមរាជវាំង បង្ហាញឲ្យឃើញនូវភាពមិនប្រក្រតី លើស្នាមមេដៃដែលថ្វាយព្រះមហាក្សត្រ។ ព្រោះថាមន្រ្តីគណបក្សសង្គ្រោះជាតិ បានដើរបោកប្រាស់ប្រជាពលរដ្ឋថា ផ្តិតមេដៃដើម្បីយកទៅសុំនេះសុំនោះ តែតាមការពិតយកមកថ្វាយព្រះមហាក្សត្រ និងជាពិសេសនោះគឺមនុស្សម្នាក់ បានផ្តិតមេដៃជាច្រើន និងដាក់ឈ្មោះប្រជាជនដែលគាត់មិនបានដឹងអី ដែលរឿងទាំងពីរនេះគឺជាការបោកប្រាស់ប្រជាពលរដ្ឋ និងប្រមាថព្រះចេស្តា ព្រះមហាក្សត្ររបស់កម្ពុជា និងមួយទៀតនោះគឺអាចជាប់ចោទពីបទ បង្កើតឯកសារក្លែង និងប្រើប្រាស់ក្លែងស្នាមមេដៃ។

មន្រ្តីដដែលរូបនោះបានអះអាងថា ភាពមិនប្រក្រតីក្នុងញត្តិដែលថ្វាយព្រះមហាក្សត្រនៅថ្ងៃនេះ មានរហូតដល់ជាង៤០ភាគរយឯណោះ៕