(កំពង់ឆ្នាំង)៖ តាមសំណូមពររបស់ប្រជាពលរដ្ឋ រឿងផ្លូវលំគ្រួសក្រហមជាង៧គីឡូម៉ែត្រ ចេញពីភូមិចុងឈើត្រាចទៅភូមិកងមាស ឃុំគោកបន្ទាយ ដែលរងការខូចខាតយ៉ាងខ្លាំងនោះ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានចាត់ឲ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចាប់ផ្ដើមដំណើរការជួសជុលជូនប្រជាពលរដ្ឋធ្វើដំណើរជាបណ្ដោះអាសន្ន។

ប្រជាពលរដ្ឋនៅភូមិកងមាស បានឲ្យដឹងថា ផ្លូវលំមួយខ្សែខាងលើនេះ បានរងការខូចខាតយូរហើយ ដែលធ្វើឱ្យប្រជាពលរដ្ឋជាច្រើនភូមិដែលប្រើប្រាស់ផ្លូវនេះ ជួបការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ពីស្រែចម្ការមកលក់ដូរនៅទីផ្សារ ពិសេសទៀតនោះគឺការដឹកជញ្ជូនអ្នកជំងឺពីភូមិមកកាន់មន្ទីរពេទ្យខេត្ត។

ប៉ុន្តែក្រោយពីមានសំណូមពរយ៉ាងទទូចពីប្រជាពលរដ្ឋ ដែលបានផ្ដិតមេដៃរាប់រយនាក់ស្នើសុំដល់អាជ្ញាធរស្រុក និងមន្ទីរជំនាញឲ្យជួយជួសជុលផ្លូវខាងលើនេះ រួមនឹងការគិតគូរយកចិត្តទុកដាក់ពីសំណាក់លោកអភិបាលខេត្ត ការចាប់ផ្ដើមជួសជុលផ្លូវនេះ ក៏បានដំណើរការតាមសំណូមពរនៅព្រឹកថ្ងៃទី៤ ខែកញ្ញានេះតែម្តង។

អាជ្ញាធរភូមិកងមាស ក៏ដូចជាប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវខាងលើនេះ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំខេត្ត អភិបាលស្រុករលាប្អៀរ និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលបានបញ្ជូនក្រុមការងារ និងគ្រឿងចក្រចុះមកជួសជុលផ្លូវខាងលើនេះ ដើម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ធ្វើដំណើរដោយងាយស្រួល ទៅតាមសំណូមពរ ក្នុងពេលដែលបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ និងចូលមកដល់នេះ។

ដោយឡែកលោក យឹម យ៉ុន មេឃុំគោកបន្ទាយ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២នេះថា សម្រាប់ផ្លូវមួយខ្សែខាងលើនេះ បើគិតចាប់ពីសាលាឃុំគោកបន្ទាយ ទៅដល់ភូមិកងមាស មានចម្ងាយ១៦គីឡូម៉ែត្រ ហើយផ្លូវនេះដែរ ក្នុងរដូវប្រាំងឆ្នាំនេះ ក្រសួងអភិវឌ្ឍន៍ជនបទ មានគម្រោង និងប្រែក្លាយផ្លូវគ្រោះក្រហមទៅជាផ្លូវចាក់បេតុង និងក្រាលកៅស៊ូ ដោយចាប់ពីផ្លូវមុខសាលាឃុំទៅដល់ភូមិកងមាសតែម្ដង។

ក្នុងនោះគម្រោងធ្វើផ្លូវចាក់បេតុង២គីឡូម៉ែត្រ និង១៤គីឡូម៉ែត្រទៀត ក្រាលកៅស៊ូ តែបច្ចុប្បន្នដោយរងការខូចខាតដោយសារទឹកភ្លៀង ធ្វើឱ្យផ្លូវនេះមានក្រឡុកច្រើនដែលពិបាកក្នុងការធ្វើដំណើរ ទើបថ្នាក់ដឹកនាំខេត្ត ចាប់ឱ្យមន្ទីរអភិវឌ្ឍន៍ជនបទយកគ្រឿងចក្រ មកឈូសឆាយជួសជុលដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋជាបណ្ដោះអាសន្នសិន៕