(កំពង់ធំ)៖ កិច្ចប្រជុំប្រចាំខែនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទបល្ល័ង្ក ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ លោក ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ត្រូវបម្រើ និងដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការឲ្យបានច្រើន។
លោក ជា អឿង បានកោតសរសើរក្រុមការងារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរួមគ្នាសម្រេចបាននូវសមិទ្ធផលល្អៗជាច្រើនលើគ្រប់វិស័យរក្សាបានសុខសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមបានល្អប្រសើឆ្ពោះទៅមុខ។
លោកបានស្នើឲ្យក្រុមការងារចុះមូលដ្ឋាន ត្រូវខិតខំបន្តអភិវឌ្ឍសមត្ថភាពបន្ថែមទៀត ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ និងត្រូវរួមសហការគ្នាក្នុងការអនុវត្តការងារសំខាន់ៗ រួមមាន ត្រូវថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងរួមគ្នាទប់ស្កាត់ប្រឆាំងដាច់ខាតសកម្មភាពបច្ចាមិត្តនានា។
អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឲ្យបានល្អប្រសើរក្នុងការចូលរួមអនុវត្តគោលនយោបាយភូមិឃុំឲ្យមានសុវត្ថិភាព និងមានការចូលរួម ពីប្រជាពលរដ្ឋនៅមូលដ្ឋានទប់ស្កាត់នូវការប្រើប្រាស់និងជួញដូរគ្រឿងញៀន និងចូលរួមអនុវត្តនិងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
យកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ត្រូវបន្តជំរុញនិងលើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតប តម្រូវការរបស់ប្រជាពលរដ្ឋដែលកាន់តែមានការកើនឡើងក្នុងពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍរីកចម្រើន។
លោកបន្តថា ជាពិសេសត្រូវត្រួតពិនិត្យ សមាជិក សមាជិកា ដោយយកចិត្តទុកដាក់ខ្ពស់ និងខិតខំបញ្ចូលសមាជិកថ្មីដែលជាយុវជនឲ្យក្លាយជាកម្លាំង ក្នុងការចូលរួមរបស់គណបក្សនៅគ្រប់ទីកន្លែង ក៏ដូចជាបង្កើនសន្ទុះនៃការគាំទ្រ មកលើគណបក្សឲ្យកាន់តែមានប្រជាប្រិយភាព និងទទួលបានការគាំទ្រកាន់តែខ្លាំង។ចំណែកឯមន្ត្រីគណបក្សគ្រប់ថ្នាក់ ត្រូវតែបន្តរក្សាសាមគ្គីភាព ខិតខំធ្វើអំពើល្អជាមួយប្រជាជន កាត់បន្ថយភាពអសកម្មនិងជំរុញការទៅពិនិត្យឈ្មោះនិងចុះឈ្មោះបោះឆ្នោតនៅពេលខាងមុខឲ្យបានគ្រប់គ្នា៕