(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃអាទិត្យ ទី០៣ ខែកញ្ញា នេះ បានបង្ហាញរូបភាពអំឡុងទសវត្សរ៍៩០មួយសន្លឹកទៀត ដែលជាការផ្តល់ជូនពីប្រជាពលរដ្ឋតាម Messeger មានឈ្មោះថា «យុវជនតេជោ»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រូបថតមួយសន្លឹកថ្មីនេះ សម្តេចតេជោមិនដឹងថា ថតនៅទីណា និងឆ្នាំណានោះឡើយ។ តែសម្តេចសន្និដ្ឋានថារូបថតនេះអាចថតមុនចុះហត្ថលេខាកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១។
ការសន្និដ្ឋាននេះ ដោយយោងទៅលើសក់ធម្មជាតិរបស់សម្តេច ដែលពេលនោះសម្តេចមិនដែលចេះប្រើថ្នាំបាញ់សក់ឱ្យរឹងនោះឡើយ។
ជាមួយនឹងការបង្ហោះរូបភាពដែលស្រស់សង្ហាមួយសន្លឹកនេះទៅ សម្តេចតេជោ ក៏ឆ្លៀតមានប្រសាសន៍បែបលេងសើចជាមួយប្រជាពលរដ្ឋលើបណ្តាញសង្គមផងដែរ។ សម្តេចតេជោ បានលើកឡើងថា ការបង្ហោះរូបថតចាស់ៗមួយរយៈចុងក្រោយនេះ មានប្រជាពលរដ្ឋមួយចំនួន បានចូលខុមមិនថា «សង្ហា»។
សម្តេចតេជោ បន្តលើកឡើងថា «តើខ្ញុំពិតជាសង្ហាមែនឬអី ព្រោះខ្ញំជាអតីតក្មេងវត្ត ដែលចេញពីត្រកូលកសិករនៅ ជនបទនិងជាជនពិការភ្នែកម្នាក់។ ប្រសិនបើខ្ញុំពិតជាសង្ហាមែនភរិយាខ្ញុំ ទទួលយកខ្ញុំធ្វើជាប្តីពិតជាមិនខុសទេ។(សូមទោសនិយាយលេងទេ)។
សូមបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ សម្តេចតេជោ ហ៊ុន សែន ទទួលបានរូបថតពីអតីតកាលពេលនៅវ័យក្មេងជាច្រើនសន្លឹកពីប្រជាពលរដ្ឋតាមរយៈបណ្តាញសង្គម។ សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ និងជាតួអង្គនយោបាយដ៏សំខាន់មួយរូបក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលបានដើរតួនាទីដ៏សំខាន់ទាំងការកសាង និងអភិវឌ្ឍន៍ជាតិ ព្រមទាំងការដោះស្រាយបញ្ចប់វិបត្តិនយោបាយនៅកម្ពុជាកាលពីអតីតកាល។
តាមរយៈតួនាទីភារកិច្ចដ៏សំខាន់សម្រាប់ជាតិ រូបភាពសម្តេចតេជោ ត្រូវបានប្រមាញ់ និងថតដោយអ្នកសារព័ត៌មានអន្តរជាតិ ហើយរូបថតទាំងនោះត្រូវបានដាក់លក់តាមទីភ្នាក់ងារព័ត៌មាននានា ហើយបន្សល់ទុកដល់ពេលបច្ចុប្បន្ន៕