(កោះកុង)៖ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្ត និងអាជ្ញាធរមូលដ្ឋានស្រុកគីរីសាគរ ក្រោមការសម្របសម្រួលពីលោក ឃុន ភឿន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តកោះកុង បានចុះអនុវត្តន៍ច្បាប់រុះរើខ្ទមសង់អនាធិបតេយ្យខុសច្បាប់ លើដីឧទ្យានជាតិ ស្ថិតនៅក្នុងតំបន់អាងទឹកភូមិពាមកាយ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។
ក្នុងសកម្មភាពដែលបានធ្វើឡើងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ លោក សុខ សុទ្ធី បានឲ្យដឹងថា ខ្ទមសង់អនាធិបតេយ្យ គ្មានច្បាប់អនុញ្ញាត ដែលក្រុមការងារត្រូវអនុវត្តន៍តាមច្បាប់ធ្វើការរុះរើមានចំនួន៧០ខ្ទម និងបង្គោលរបងរាប់ រយម៉ែត្រទៀត ដែលត្រូវអនុវត្តន៍ត្រូវតែរុះរើចេញពីដីតំបន់ឧទ្យានជាតិ ដែលដីទំហ៊ុ៦៧៧១ហិចតា ដែលពួកគាត់កំពុងសាងសង់ខ្ទម និងការកាប់ទន្រ្ទានយកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។
លោក សុខ សុទ្ធី បានបន្តថា ដីនេះកាលពីមុនមានប្រជាពលរដ្ឋរស់នៅមានចំនួន១៨គ្រួសារប៉ុណ្ណោះ តែត្រូវបានដោះស្រាយនូវគោលនយោបាយថ្នាក់ជាតិ ថ្នាក់ខេត្ត និងសង់សំណង់ពួកគាត់ទាំង១៨គ្រួសាររួចរាល់ អស់ហើយៗ។ ពលរដ្ឋទាំង១៨គ្រួសារ ក្រោយទទួលបានសំណងពីរាជរដ្ឋាភិបាលក៏បានចេញពីតំបន់នេះផងដែរ។ ប៉ុន្តែរយៈពេលប៉ុន្មានខែនេះ មានជនខិតខូចបានលួចមករស់នៅ និងកាប់ទន្រ្ទានដីព្រៃរដ្ឋធ្វើជាកម្មសិទ្ធិបន្ថែមទៀត។
ដោយមើលឃើញសម្មភាពបែបនេះ អាជ្ញាធរខេត្ត អាជ្ញាធរស្រុកអាជ្ញាធរមូលដ្ឋាន បានជូនដំណឹងដល់ពួកគាត់រយៈពេល ៣ឬ៤ដងរួចមកហើយ មុនឈានដល់អាជ្ញាធរអនុវត្តន៍ច្បាប់ធ្វើការរុះរើចេញជាបន្ទាន់ ដើម្បីទប់ស្កាត់កុំឲ្យ មានកំណើនបន្ថែមទៀត។ ចំពោះខ្ទមទាំងអស់នេះ ធ្វើសម្រាប់សម្គាល់ម្ចាស់ដីទេ គ្មានមនុស្សនៅទេ ហើយអ្នកសង់ខ្ទមកាប់ទន្រ្ទានដីព្រៃឧទ្យានជាតិ ភាគច្រើនមកពីខេត្តផ្សេងៗដោយមានមេខ្យល់។
លោកបានបន្ថែមថា ដីតំបន់អាងទឹក ក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគីរីសាគរនេះ គឺស្ថិតក្នុងការគ្រប់គ្រងរបស់ក្រុមហ៊ុនញូញៀន ដែលរាជរដ្ឋាភិបាលជួលឲ្យអភិវឌ្ឍន៍ក្នុងរយៈយូរ ហើយតំបន់មានគម្រោងពីក្រុមហ៊ុន ថាអភិវឌ្ឍន៍អាងស្តុបទឹកសម្រាប់តម្រូវការប្រជាពលរដ្ឋប្រើប្រាស់ទៅថ្ងៃមុខ៕