(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងអះអាងប្រាប់អង្គភាព Fresh News ថា ពិតជាមានករណីសមាជិកគណៈមេធាវីកម្ពុជា ជិត១០០នាក់ ផ្តិតមេដៃលើលិខិតស្នើសុំកុំឲ្យមានការឃុំខ្លួនលោក ពេជ រតនា ដែលត្រូវបានចាប់ខ្លួនដោយ អង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធនឹងអំពើពុករលួយ។
មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងបញ្ជាក់ឲ្យដឹងថា នៅពេលនេះមេធាវីប្រមាណ៩០នាក់ បានផ្តិតមេដៃរួចហើយ នឹងបន្តផ្តិមេបន្ថែមទៀត នៅវេលាម៉ោងប្រមាណ២រសៀលថ្ងៃនេះ។
ករណីលោកមេធាវី ពេជ រតនា ត្រូវបានលោកព្រះរាជអាជ្ញារង ងិន ពេជ្រ ជាកាន់សំណុំរឿង។
ពាក់ព័ន្ធនឹងករណីខាងលើនេះ Fresh News នឹងសុំការបំភ្លឺពីលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនៅបន្ទាប់ទៀត។
សូមជំរាបថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួន លោកមេធាវី ពេជ រតនា នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ ពាក់ព័ន្ធនឹងអំពើពុករលួយ ហើយបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែមិថុនានេះ។
លោកមេធាវី ពេជ រតនា ជាមេធាវីម្នាក់ នៅក្នុងគណៈមេធាវីកម្ពុជា ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំង អំពើពុករលួយនាំខ្លួន ពីចំណតពហុកីឡដ្ឋានជាតិអូឡាំពិក នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ភ្លាមៗបន្ទាប់ពីលោក ចេញពីសាលាដំបូងរាជធានីភ្នំពេញ ហើយដើរទៅកាន់រថយន្តរបស់លោក៕
ខាងក្រោមនេះជារូបភាពមេធាវី ដែលរង់ចំាចូលផ្តិតមេដៃ