(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានគូសរំលេចថា ក្នុងរយៈពេលប្រមាណ៣០ឆ្នាំមកនេះ បញ្ជាការដ្ឋានអង្គរក្សបានអភិវឌ្ឍន៍សមត្ថភាពទ័ព និងយុទ្ធោបករណ៍យ៉ាងច្រើន តែបញ្ជាការដ្ឋានអង្គរក្សបន្តប្រកាន់ខ្ជាប់នូវអភិក្រម «ស្មោះត្រង់ ការពារ និងបម្រើ»។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍គម្រប់១៣ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស (០៤ កញ្ញា ២០០៩ -០៤ កញ្ញា ២០២០)។
មន្ត្រីយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទរូបនេះ បានគូសរំលេចថា បញ្ជាការដ្ឋានអង្គរក្សបានធ្វើដំណើរជាមួយទិសដៅពីរទីមួយ គឺអភិវឌ្ឍន៍ ហើយមួយទៀត គឺការអភិរក្ស។ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងរយៈពេលប្រមាណ៣០ឆ្នាំមកនេះ បញ្ជាការដ្ឋានអង្គរក្សបានកែច្រើនមែនទែន។ ក្នុងនោះកងកម្លាំងបានវិវឌ្ឍន៍ពីត្រឹម១២នាក់ មកចំនួនច្រើនរាប់រយដង កម្លាំងពីមួយក្រុម ទៅជាកងពលធំមួយ ហើយគ្រឿងបំពាក់អាវុធយុទ្ធោបករណ៍ក៏សម្បូរបែប។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសរំលេចពីអភិវឌ្ឍកងកម្លាំងយ៉ាងដូច្នេះ «អង្គរក្សបានដើរតួនាទីក្នុងការពង្រឹងសមត្ថភាពទ័ពក្នុងអង្គភាព និងដើរតួនាទីក្នុងការពង្រឹងកងយោធពលខេមរភូមិន្ទតាមរយៈការកសាងធនធានមនុស្ស។ កម្លាំងទ័ពធនធានមនុស្សយើងរាប់ពាន់ រាប់ម៉ឺននាក់ បានបណ្តុះបណ្តាលក្នុងរយៈពេលនេះ»។
មេបញ្ជាការកងទ័ពជើងគោក ដែលបញ្ចប់ការសិក្សាពីសាលាយោធាអាមេរិក បានលើកឡើងដែរថា ក្រៅតែពីការអភិវឌ្ឍន៍សមត្ថភាពកងកម្លាំងហើយនោះ បញ្ជាការដ្ឋានអង្គរក្សក៏បានពង្រីកវីសាលភាព និងលទ្ធភាពប្រតិបត្តិការផងដែរ ដោយពង្រីកពីការប្រតិបត្តិការត្រឹម១២នាក់ ដើម្បីការពារផ្ទាល់នូវសុវត្ថិភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប៉ុន្តែឥឡូវបញ្ជាការដ្ឋានអង្គរក្សបានប្រតិបត្តិការលើពហុវិស័យ។
«មិនថាចុះជួយបូមទឹកដាក់ស្រែ សង្គ្រោះគ្រោះរាំងស្ងួត មិនថាសង្គ្រោះគ្រោះទឹកជំនន់ គឺយើងប្រតិបត្តិការការពារទាំងអស់។ មិនថាការពារបូរណភាពទឹកដី ការពារថ្នាក់ដឹកនាំជាតិអន្តរជាតិនោះទេ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក ហ៊ុន ម៉ាណែត លើការអភិវឌ្ឍរបស់បញ្ជាការដ្ឋានអង្គរក្ស។
ទន្ទឹមនឹងការគូសរំលេចពីការអភិវឌ្ឍរបស់បញ្ជាការដ្ឋានអង្គរក្សហើយនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសរំលេចពីការងារដែលអង្គរក្សបន្តអភិរក្សមិនប្រែប្រួលផងដែរ។ ការងារដែលអភិរក្សមិនប្រែប្រួលនោះ គឺភាពស្មោះត្រង់ ការពារ និងបម្រើជាតិ ប្រជាជន និងប្រមុខរាជរដ្ឋាភិបាលទាំងពេលបច្ចុប្បន្ន និងទៅអនាគត។
លោកមេបញ្ជាការកងទ័ពជើងគោក ដែលជាអ្នកធ្វើកំណែទម្រង់ជាច្រើនលើវិស័យកងទ័ព បានគូសបញ្ជាក់ថា «អភិវឌ្ឍន៍សមត្ថភាព រចនាសម្ព័ន្ធ គ្រឿងបំពាក់ទាំងអស់ ប៉ុន្តែអ្វីដែលអភិរក្សមិនកែតាំងពីដើមឡើយ គឺអភិក្រម [ស្មោះត្រង់ ការពារ បម្រើ]។ ពី១២នាក់ រហូតដល់មួយកងពលធំនៅតែធ្វើដូចគ្នា ស្មោះត្រង់ ការពារ និងបម្រើជាតិ និងប្រជាជន។ ស្មោះត្រង់ ការពារ និងបម្រើប្រមុខរាជរដ្ឋាភិបាល និងក្រុមគ្រួសារ»។
សូមបញ្ជាក់ថា បញ្ជាការដ្ឋានអង្គរក្ស គឺជាស្ថាប័នកងយោធពលខេមរភូមិន្ទចំណុះឱ្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។ បញ្ជាការដ្ឋានអង្គរក្ស មានតួនាទីស្នូលក្នុងការការពារបូរណភាពទឹកដី ជាតិ សាសនា និងព្រះមហាក្សត្រ។ បន្ថែមពីលើនោះបញ្ជាការដ្ឋានអង្គរក្ស មានតួនាទីពិសេសក្នុងការការពារសន្តិសុខសុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លើគ្រប់បេសកកម្មការងារទាំងអស់៕