(សៀមរាប)៖ បន្ទាប់ពីការព្យាយាមសម្របសម្រួលរបស់អាជ្ញាធរខេត្តសៀមរាប និងសមត្ថកិច្ចចម្រុះ ដឹកនាំដោយលោក ទៀ សីហា អភិបាលខេត្តសៀមរាបនោះ មកដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះ ការប្រមូលផ្តុំនៅក្នុងចម្ការលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប បានរំសាយស្ទើរទាំងស្រុងហើយ។
នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ Fresh News ថា ការប្រមូលផ្តុំមនុស្សនៅចម្ការលោក ខឹម វាសនា នេះ មានចំនួនពីរទីតាំង។ មួយទីតាំងស្ថិតនៅលើដីទំហំ ២៥ហិកតា និងមួយទីតាំងទៀតស្ថិតនៅលើដីទំហំ ១២ហិកតា។ ទីតាំងប្រមូលផ្តុំលើដីទំហំ ២៥ហិកតា ប្រជាពលរដ្ឋបានរំសាយអស់ហើយ ហើយរោងដែលសង់សម្រាប់ស្នាក់នៅ ក៏ត្រូវបានរុះរើផងដែរ។
ដោយឡែកទីតាំងប្រមូលផ្តុំនៅលើដីទំហំ ១២ហិកតាវិញ គឺនៅសល់មនុស្សប្រមាណជា ១ពាន់នាក់ទៀតប៉ុណ្ណោះ។ បើតាមមន្ត្រីនគរបាលជាន់ខ្ពស់ដដែលនេះ បានបញ្ជាក់ថា នៅព្រឹកមិញខាងលោក ខឹម វាសនា ក៏បានអនុញ្ញាតឱ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ដឹកនាំដោយលោក ទៀ សីហា ចូលទៅមើលទីតាំងប្រមូលផ្តុំលើដី១២ហិកតានោះផងដែរ។
បើតាមនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ លទ្ធផលដែលសម្រេចបាននេះ បន្ទាប់ពីមានការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ឱ្យប្រជាពលរដ្ឋត្រឡប់ទៅផ្ទះវិញ ដោយមិនយកទោសពៃ។ បន្ថែមពីលើនេះបន្ទាប់ពីមានជំនួបដោយផ្ទាល់រវាងអភិបាលខេត្តសៀមរាប ក៏ដូចជារូបលោក ជាមួយលោក ខឹម វាសនា នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ម្សិលមិញនេះ។ លោក ឆៃ ស៊ីណារិទ្ធ បានបន្តថា បន្ទាប់ពីជំនួបនោះ លោក ខឹម វាសនា បានចូលរួមសហការ ហើយក៏បានប្រកាសឱ្យប្រជាពលរដ្ឋរំសាយការជួបជុំផងដែរ។
លោក ឆៃ ស៊ីណារិទ្ធ បានអះអាងថា ឱសានវាទនៃការជួបជុំនេះ នឹងត្រូវបិទបញ្ចប់ត្រឹមថ្ងៃទី០៥ ខែកញ្ញានេះ។
សម្រាប់នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានវាយតម្លៃថា កិច្ចសម្របសម្រួលនេះជំរុញឱ្យមានការរំសាយការជួបជុំរៀបចំដោយលោក ខឹម វាសនា ទទួលបានជោគជ័យស្ទើរទាំងស្រុងហើយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែសីហា កន្លងទៅថ្មីនេះ មានចលនាបំផុសបំផុលមនុស្សឱ្យទៅស្នាក់នៅជុំគ្នានៅដីចម្ការរបស់លោក ខឹម វាសនា ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមសាបព្រោះពាក្យចចាមអារ៉ាមមានគ្រោះរញ្ជួញដី និងទឹកលិចលង់ពិភពលោកជាដើម។
ប្រជាពលរដ្ឋដែលមានជំនឿលើការឃោសនាគ្រប់រាជធានីខេត្ត រួមទាំងពលករបម្រើការក្រៅប្រទេសរួមមានកូរ៉េខាងត្បូង ជប៉ុន និងថៃផង បានចាកចេញពីលំនៅឋាន ចាកចេញពីកន្លែងការងារ សម្រុកទៅរស់នៅក្នុងចម្ការ ដែលគេឃោសនាថាជាទីតាំងតែមួយគត់គេចផុតពីគ្រោះមហន្តរាយពិភពលោក។
ប្រជាពលរដ្ឋមានជំនឿដែលបានទៅប្រមូលផ្តុំត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនជាង ១ម៉ឺននាក់។ ប្រជាពលរដ្ឋដែលទៅទីនោះ ខ្លះទៅទាំងគ្រួសារ គ្រួសារខ្លះទៅស្វាមី គ្រួសារខ្លះទៅតែភរិយា ដោយបានប្រមូលទ្រព្យសម្បត្តិទៅជាមួយផង។ ខ្លះទៀតក៏បានលក់ទ្រព្យសម្បត្តិឡៃឡុងយកលុយទៅតាមខ្លួន។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានអះអាងថា ការប្រមូលផ្តុំគ្នានេះ លោក ខឹម វាសនា និងបក្ខពួកអាចប្រមូលថវិកាពីអ្នកទៅចូលរួមនោះខ្ទង់រាប់សែនលានដុល្លារ។ ការប្រមូលលុយនេះ ដោយសារអ្នកចូលរួមចាត់ទុកថា ជាការថ្វាយចំពោះលោក ខឹម វាសនា ដែលបានតាំងខ្លួនជាអាទិភាពព្រហ្មរក្សាលោក និងមួយវិញទៀត ពួកគាត់គិតថា គ្រោះមហន្តរាយពិភពលោកមកដល់ពួកគាត់គ្មានឱកាសចាយលុយនោះទៀតនោះទេ។
ក្នុងព្រឹត្តិការណ៍ប្រមូលផ្តុំនេះ មានប្រជាពលរដ្ឋជាច្រើន បានទៅដាក់ពាក្យបណ្តឹងស្វែងរកកូនចៅ ក្រុមគ្រួសារ និងសាច់ញាតិរបស់ពួកគេផងដែរ។ ក្រុមគ្រួសារដែលបានទៅរកកូន ក្រុមគ្រួសារ និងសាច់ញាតិ បានស្រែកទ្រហោយំដ៏សែនសង្វេគជាទីបំផុត ចំពោះការព្រាត់ប្រាស់កូន ក្រុមគ្រួសារ សាច់ញាតិ ព្រោះតែការអូសទាញ និងការបំភិតបំភ័យពីគ្រោះថ្នាក់សម្រាប់អាយុជីវិត។
ក្រុមអ្នកតាមដានសង្គមបានមើលឃើញថា ក្រោយពីការរំសាយនេះទៅនឹងបន្សល់ទុកនូវផលលំបាកមួយចំនួនសម្រាប់ប្រជាពលរដ្ឋ ដែលបានជឿតាមការឃោសនា។ ផលលំបាកនោះ មានដូចជាការបាត់បង់ទ្រព្យសម្បត្តិ ខូចខាតអាជីវកម្ម និងបាត់បង់ការងារជាដើម។ កត្តាទាំងនេះ នឹងធ្វើឱ្យអ្នកជឿតាមការអូសទាញប្រឈមផលលំបាកជាច្រើនក្នុងជីវភាពរបស់ពួកគេ។
ក្រុមអ្នកច្បាប់ ក្រុមអ្នកតាមដានបញ្ហាសង្គម បានលើកឡើងថា បញ្ហានេះមិនត្រូវបញ្ចប់ត្រឹមការរំសាយនោះឡើយ អាជ្ញាធរ និងសមត្ថកិច្ច ត្រូវតែពិនិត្យទិដ្ឋភាពច្បាប់ និងចាត់វិធានការច្បាប់ចំពោះក្រុមជនដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង ព្រោះវាជាអំពើបោកប្រាក់ទ្រង់ទ្រាយធំមួយនៅក្នុងសង្គម៕