(ភ្នំពេញ)៖ គម្រោង «សន្ដិសុខស្បៀងសម្រាប់ពេលអនាគតនៅកម្ពុជា» ដែលមានរយៈពេល ៥ឆ្នាំ ដោយទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលអាមេរិក ដើម្បីពង្រឹងលើវិស័យកសិកម្មនៅកម្ពុជា បានបិទបញ្ចប់ហើយនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦នេះ តែរដ្ឋាភិបាលអាមេរិក បានសន្យាថា នឹងជួយគាំទ្រលើគម្រោងនេះ រយៈពេល ៥ឆ្នាំបន្ថែមទៀត ដោយផ្តល់ថវិកាប្រមាណ ៥៥លានដុល្លារ ឬ អាចលើសពីនេះ។
ក្នុងពិធីបើកសន្និសីទអបអរសាទរសមិទ្ធផល ៥ឆ្នាំ នៃការអនុវត្តកម្មវិធី «សន្ដិសុខស្បៀងសម្រាប់អនាគតនៅកម្ពុជា» នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦នេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក William A. Heidt បានថ្លែងថា រដ្ឋាភិបាលអាមេរិក បានចំណាយថវិកា ៥៥លានដុល្លារ ដើម្បីគាំទ្រគម្រោងសន្ដិសុខស្បៀង សម្រាប់ពេលអនាគតនៅកម្ពុជា ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ។
លោកឯកអគ្គរដ្ឋទូត បានបន្តថា អាមេរិក នឹងផ្ដល់ជំនួយប្រមាណជា ៥៥លានដុល្លារ ឬអាចច្រើនជាងនេះ ដើម្បីអនុវត្តន៍គម្រោង «សន្ដិសុខស្បៀងសម្រាប់ពេលអនាគតនៅកម្ពុជា»។ លោក William A. Heidt បានបញ្ជាក់ថា វិស័យកសិកម្មនៅកម្ពុជា មានសក្ដានុពលច្រើនក្នុងការអភិវឌ្ឍន៍ ហើយសហរដ្ឋអាមេរិក នឹងបន្ដគំរោងសន្ដិសុខស្បៀងសម្រាប់ពេលអនាគតនេះបន្ដទៀត។
អាមេរិក ក៏បានផ្តល់អនុសាសន៍ឲ្យរាជរដ្ឋាភិបាល បង្កើនកិច្ចសហការជាមួយដៃគូពាក់ព័ន្ធដទៃទៀតជំរុញលើវិស័យកសិកម្មនៅកម្ពុជា ខណៈដែលរដ្ឋាភិបាលអាមេរិក ក៏នឹងបង្កើនកិច្ចសហការកាន់តែខ្លាំងបន្ថែមទៀត ដើម្បីអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឲ្យកាន់តែល្អប្រសើរ។
ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្ម និង ជនបទ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាកំណត់យកវិស័យកសិកម្ម ជាវិស័យមួយដែលមានតួនាទីសំខាន់ ក្នុងការរួមចំណែកទ្រទ្រង់កំណើនសេដ្ឋកិច្ច ធានាសមធម៌ ធានាសន្ដិសុខស្បៀង អាហារូបត្ថម្ភ និង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។
ឧបនាយករដ្ឋមន្ដ្រី បន្ដថា «ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺការធ្វើទំនើបកម្មវិស័យកសិកម្មក្នុងវិសាលភាពល្បឿនថ្មី ដើម្បីប្រែក្លាយវិស័យ នេះ ពីដំណាក់កាល នៃការអភិវឌ្ឍតាមបែបវិបុលកម្ម ពោលគឺការពឹងផ្អែកជាសំខាន់លើធនធានមានស្រាប់ ដូចជាធនធានដី ធនធានធម្មជាតិផ្សេងៗទៀត និងពឹងផ្អែកលើការប្រើប្រាស់ធាតុ ចូលកសិកម្មតាមបែបប្រពៃណី ដោយប្រែក្លាយការពឹងផ្អែកទាំងអស់នោះ ឈានទៅដំណាក់កាលថ្មី ដែលផ្ដោតខ្លាំងលើផលិតកម្មតាមបែបប្រពលកម្មស៊ីជម្រៅ ពោលគឺពឹងផ្អែកជាសំខាន់លើការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យាថ្មីការស្រាវជ្រាវ និង ការអភិវឌ្ឍការប្រើប្រាស់គ្រឿងយន្ដកសិកម្ម ព្រមទាំងការបង្កើនសមត្ថភាពស្រោចស្រពដើម្បីលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្មមុខដំណាំ ផលិតផលកសិកម្មផ្សេងទៀត រួមទាំងការចិញ្ចឹមសត្វ និងវារីវប្បកម្ម»។
សូមបញ្ជាក់ថា អាមេរិកបានចាប់ផ្តើមអនុវត្តកម្មវិធី សន្ដិសុខស្បៀងសម្រាប់ពេលអនាគត នៅកម្ពុជាកាលពីឆ្នាំ២០១០ ដោយមានគោលដៅកាត់បន្ថយ ភាពអត់ឃ្លាន ភាពក្រីក្រ គិតគូលើបញ្ហាអន្ដរវិស័យ ៣គឺសមភាពយេនឌ័រ បរិស្ថាន និង បម្រែបម្រួលអាកាសធាតុ។
កម្មវិធីសន្ដិសុខស្បៀងសម្រាប់អនាគត បានដើរទន្ទឹមគ្នា នឹងផែនការយុទ្ធសាស្រ្ដអភិវឌ្ឍជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យមានការរីកចម្រើនវិស័យកសិកម្ម បង្កើនសន្ដិសុខស្បៀង និរន្ដរភាពបរិស្ថាន និងភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ ជាពិសេស កម្មវិធីសន្ដិសុខស្បៀងសម្រាប់អនាគត ក៏ជាការឆ្លើយតបទៅនឹងយុទ្ធសាស្រ្ដជាតិសន្ដិសុខស្បៀង និង អាហារូបត្ថម្ភ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
កម្មវិធីសន្តិសុខស្បៀងសម្រាប់អនាគត ដែលគាំទ្រដោយសហរដ្ឋអាមេរិក បានអនុវត្តន៍នៅខេត្តចំនួន៥ ជុំវិញបឹងទន្លេសាប រួមមាន៖ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង កំពង់ធំ ព្រោះខេត្តទាំងនេះ មានសក្តានុពលខ្លាំងលើវិស័យកសិកម្ម៕