(ព្រះវិហារ)៖ ក្នុងរដូវពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌដែលជាពិធីបុណ្យដ៏ធំមួយរបស់ប្រជាជនខ្មែរ ដែលនឹងជិតឈានមកដល់នាពេលដ៏ខ្លីខាងមុខនេះ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់នាយទាហាន នាយទាហានរង ពលទាហាននៃកងពលតូចអន្តរាគមន៍លេខ៧ នៅទីបញ្ជាការកងពល ស្ថិតក្នុងភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោក អ៉ិត សំហេង បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់នាយទាហាន នាយទាហានរង និងពលទាហាន។
លោកបានថ្លែងថា ការចងក្រងសម្ព័ន្ធមេត្រីភាពរវាងក្រសួង ស្ថាប័ន កងនគរបាលជាតិ និងក្រុមហ៊ុនឯកជន ក៏ត្រូវបានបង្កើតឡើង ដើម្បីជំរុញការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់វិស័យការពារជាតិឱ្យកាន់តែទូលំទូលាយស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់។ ការផ្សារភ្ជាប់រវាងសមរភូមិក្រោយ និងសមរភូមិមុខ គឺជាកាតព្វកិច្វរបស់គ្រប់គ្នា តាមពាក្យស្លោក «ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ»។
លោក អ៉ិត សំហេង ក៏បានលើកឡើងពីវឌ្ឍនភាពមួយចំនួនរបស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើនទៀតដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ក្រោមម្លប់សន្តិភាព និងការបង្រួបបង្រួមជាតិជាកម្លាំងតែមួយ ស្ថិតក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលអាចដោះស្រាយបាននូវវិបត្តិធំៗនៅចំពោះមុខ តួយ៉ាងដូចជាវិបត្តិជាសកលជំងឺកូវីដ-១៩ ដែលកម្ពុជាមានសមត្ថភាពអាចគ្រប់គ្រងនូវវិបត្តិនេះដោយជោគជ័យ មានឱកាសកសាងបាននូវហេដ្ឋារចនាសម្ពន្ធរូបវន្តរបស់ជាតិ ពិសេសពលរដ្ឋមានជីវភាពធូរធាជាលំដាប់។
នាឱកាសនោះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាននាំមកនូវអំណោយក្នុងនាមសមេ្តចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតសម្រាប់ផ្តល់ជូនដល់នាយទាហាន នាយទាហានរង ពលទាហាននៃកងពលតូចអន្តរាគមន៍លេខ៧នូវគ្រឿងឧបភោគបរិភោគសរុបចំនួនជាង២០០លានរៀល។ លោករដ្ឋមន្ត្រីបញ្ជាក់ថា អំណោយទាំងនេះចាត់ទុកថាជាស្មារតីសាមគ្គីសហការរវាងកងទ័ពស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាជន។
លោកបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនំា និងមន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងសប្បុរសជនទំាងអស់ ដែលបានចូលរួមចំណែកជាមួយក្រសួង និងកោតសរសើរដ៏ស្មោះស័្មគ្រចំពោះនាយទាហាន នាយទាហានរង ពលទាហាន ព្រមទំាងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់សហការគ្នាយ៉ាងជិតសិ្នទ្ធ ចូលរួមចំណែកយ៉ាងសស្រាក់សស្រាំក្នុងការបំពេញបេសកកម្មជាប្រវត្តិសាស្រ្តរបស់កងកម្លាំងប្រដាប់អាវុធនៃកងពលតូចអន្តរាគមន៍លេខ៧ ក្នុងការការពារបូរណភាពទឹកដី និងការពារសន្តិសុខសុវត្តិភាពជូនជាតិ៕