(បន្ទាយមានជ័យ)៖ ដោយពិនិត្យឃើញស្ថានភាពទឹកបានស្ទះមុខប្រឡាយ បង្កឲ្យស្ទះទឹកឡើង អាជ្ញាធរខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៣ខែ កញ្ញា ឆ្នាំ២០២២ម្សិលមិញ បានបញ្ជាឲ្យជំនាញធនធានទឹកខេត្ត នាំយកគ្រឿងចក្រភ្លាមៗ ដើម្បីកាយផ្តាច់បើកមុខទឹកបង្ហូរទៅក្រោមតាមប្រឡាយមេដែលបានស្តារ ដើម្បីពន្លឿនការរំដោះទឹក ជៀសវាងការជន់លិចផ្លូវ ស្រែ និងភូមិស្ថានប្រជាពលរដ្ឋរស់នៅក្បែដងស្ទឹងមង្គលបូរី ក្នុងភូមិសាស្ត្រឃុំចំណោម រហាត់ទឹក និងឃុំសឿ នៃស្រុកមង្គលបូរី។
លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានត្រូវផ្តល់កិច្ចសហការក្តាប់ព័ត៌មាន និងរាយការណ៍ឲ្យបានទាន់ពេលវេលា ចំពោះករណីស្ថានភាពទឹកមានការហក់ឡើងខ្លាំងជាការព្រួយបារម្ភណាមួយ។
សូមបញ្ជាក់ថា ស្ថានភាពជាក់ស្តែងគិតត្រឹមថ្ងៃម្សិលមិញ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ពុំទាន់មានគ្រោះទឹកជំនន់កើតឡើងនោះទេ មានតែស្ថានភាពទឹកហូរស្រុងពីទីខ្ពស់មកកាន់តំបន់ទំនាបបឹង និងស្ទឹងដែលបានធ្វើឲ្យស្ថានភាពមានការកើនឡើង៕