(កំពង់ធំ)៖ មន្រ្ដីកាំកុងត្រូលសាខា ខេត្តកំពង់ធំ ដឹកនាំដោយលោក លៀង សុភា នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦នេះ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យផ្សារកំពង់ថ្ម និងហាងលក់ទំនិញនៅផ្សារកំពង់ថ្ម ឃុំបល្គ័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
លោក លៀង សុភា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំ បានបញ្ជាក់ថា គោលបំណងនៃការចុះត្រួតពិនិត្យនេះ មន្រ្ដីជំនាញបានយកចិត្តទុកដាក់ ទៅលើផលិតផល ទំនិញម្ហូបអាហារ ភេសជ្ជៈ គ្រឿងឧបភាគបរិភោគ បន្លែ ផ្លែឈើ ដែលអាជីវករកំពុងដាក់តាំងលក់ នៅតាមតូបដើម្បីទទួលបាននូវ ម្ហូបអាហារ ប្រកបដោយសុវត្ថិភាព និងមិនប៉ះពាល់ដល់សុខភាព និងដើម្បីចូលរួមទប់ស្កាត់ រាល់មុខទំនិញ និងម្ហូបអាហារ ដែលដាក់លក់ខូចគុណភាព និងហួសកាលបរិច្ឆេទ ដាក់លក់នៅលើទីផ្សារនោះ។
លោកបានអះអាងថា តាមរយៈការចុះត្រួតពិនិត្យ នៅទីផ្សារកំពង់ថ្មនេះ កម្លាំងរបស់លោក បានរកឃើញទំនិញ ខូចគុណដូចជា ចាហួយម៉ាក Deedo ចំណុះ១៦០ml ១២ដុំ ផលិតនៅប្រទេសថៃ, ទឹកប៉េងប៉ោះ ម៉ាក Heng Heng ២កំប៉ុង ផលិតនៅប្រទេសចិន, ពោតកំប៉ុង ម៉ាក Luckyboy ៣កំប៉ុង ចំណុះ២៧០ml ផលិតនៅប្រទេសចិន ឡុកឈិត ១កំប៉ុង ចំណុះ៦៨០ml ផលិតនៅប្រទេសថៃ, ទឹកដោះគោម៉ាក Nestle ៨កំប៉ុង ចំណុះ១៤០ml ផលិតនៅប្រទេសថៃ, មី Good ១កញ្ចប់ទំងន់៥៥ក្រាម របស់វៀតណាម ម្សៅទឹកដោះគោ Similac ៥កញ្ចប់ទំងន់៣១.២ក្រាម ផលិតនៅអាម៉េរិក ក្រោយពីរកឃើញទំនិញ ខូចគុណភាព ទាំងអស់នោះ កម្លាំងរបស់លោក រឹបអូសយកមករក្សាទុក ដើម្បីធ្វើការដុតកំទេចចោល នាពេលខាងមុខ។
លោក លៀង សុភា បានឱ្យដឹងថា ការចុះពិនិត្យនេះ គឺមន្រ្តីជំនាញបានធ្វើការ ចុះត្រួតពិនិត្យជាប្រចាំ ទៅតាមការណែនាំពី អគ្គនាយកកាំកុងត្រូល ដើម្បីទប់ស្កាត់ឱ្យបានទាន់ពេលវេលា នូវការធ្វើចរាចរ ចែកចាយលក់ដូរផលិតផល ម្ហូបអាហារ គ្មានអនាម័យទំនិញខូចគុណភាព។
ជាមួយគ្នានេះ លោកប្រធានសាខា កាំកុងត្រូលខេត្តកំពង់ធំ ក៏បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ឱ្យបានហ្មត់ចត់ មុននឹងធ្វើចរាចរ ចែកចាយលក់ដូរ និងទិញទំនិញ ម្ហូបអាហារទទួលទាន ដោយសុវត្ថិភាព មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់៕