(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា និងជាប្រធានក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ៧មករា បានជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយយុវជនកាកបាទក្រហមកម្ពុជាចំនួន៨០នាក់ និងយុវជនកាយឫទ្ធចំនួន២០នាក់។

ពិធីសំណេះសំណាលនេះធ្វើឡើងនៅវិទ្យាល័យបាក់ទូក នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២។

នាឱកាសនោះ លោក ថេង សុថុល បានពាំនាំប្រសាសន៍ផ្ដាំផ្ញើរបស់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់យុវជនកាកបាទក្រហមកម្ពុជា និងយុវជនកាយឫទ្ធទាំងអស់ប្រកបដោយក្តីនឹករលឹក។

លោកបានវាយតម្លៃខ្ពស់ដល់យុវជនកាកបាទក្រហមកម្ពុជា និងយុវជនកាយឫទ្ធនៅវិទ្យាល័យបាក់ទូក ដែលបានស្ម័គ្រចិត្តចូលរួមការងារជួយដល់សង្គមជាតិ តាមរយៈការចូលជាសមាជិកយុវជនកាកបាទក្រហមកម្ពុជា និងយុវជនកាយឫទ្ធដែលជាយុវជនឈានមុខជាគំរូគេក្នុងការជួយសង្គ្រោះ ក៏ដូចជាផ្សព្វផ្សាយបន្ត ជាពិសេសការងារមិត្តអប់រំមិត្ត។

ទន្ទឹមនឹងនេះដែរលោកក៏សូមឱ្យយុវជនកាកបាទក្រហមកម្ពុជា និងយុវជនកាយឫទ្ធនៅវិទ្យាល័យបាក់ទូកបន្ដខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីពង្រឹងនិងពង្រីកចំណេះដឹងរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត។

ក្នុងឱកាសនោះ លោកប្រធានក្រុមការងារអនុសាខាបានជួយឧបត្ថម្ភថវិកាជូនដល់យុវជនទាំងអស់ ដោយក្នុង១នាក់ៗចំនួន២ម៉ឺនរៀលផងដែរ៕